(ភ្នំពេញ)៖ តាមការគ្រោងទុក ប្រមុខការទូតចិន ឯកឧត្តម វ៉ាង យី នឹងអញ្ជើញមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅកម្ពុជា។ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា លោកប្រមុខការទូត វ៉ាង យី នឹងជួបពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខការទូតកម្ពុជា ព្រមទាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ ០២ទៀត រួមមាន៖ លិខិតប្ដូរសារស្ដីពីការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងលិខិតប្ដូរសារ ស្ដីពី ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។
សេចក្តីប្រកាសរបស់ក្រសួងការបរទេស បង្ហាញថា ក្នុងដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន ដែលធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនេះ ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជួបពិភាក្សាការងារជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ឯកឧត្តម វ៉ាង យី ក៏នឹងជួបប្រជុំផ្លូវការ ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យនានា ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងកង្វល់រួម។
ក្រសួងការបរទេស បន្ថែមថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម វ៉ាង យី នៅពេលនេះ ក៏នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ ០២ទៀត រួមមាន៖ លិខិតប្ដូរសារ ស្ដីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលិខិតប្ដូរសារ ស្ដីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ។
ក្រសួងការបរទេស បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម វ៉ាង យី មកកាន់កម្ពុជា លើកនេះ នឹងបន្តពង្រឹងបន្ថែមនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងចិន ក្នុងបរិបទនៃបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ-១៩ ដែលពុំធ្លាប់មានពីមុន។
តាមកម្មវិធី ដែលបានគ្រោងទុក នៅថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម វ៉ាង យី នឹងជួបពិភាក្សាដាច់ដោយឡែកជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបឯកឧត្តម ហោ ណាំហុង ព្រមទាំងជួបឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស មុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងឯកសារសំខាន់ ០២ទៀត រួមមាន៖ លិខិតប្ដូរសារ ស្ដីពី ការសិក្សាសមិទ្ធលទ្ធភាពគម្រោងធ្វើឱ្យប្រសើរឡើង មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ និងលិខិតប្ដូរសារ ស្ដីពី ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ៕




