(ភ្នំពេញ)៖ សម្តេចភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានចេញព្រះរាជក្រឹត្យ ផ្ដល់នីតិសម្បទា ធ្វើនយោបាយ ដល់លោក ស៊ុន សុភ័ក្រ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការហាមឃាត់សិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
ព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្តីទី ផ្ដល់នីតិសម្បទាធ្វើនយោបាយ ដល់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលត្រូវហាមឃាត់សិទ្ធិធ្វើនយោបាយរូបនេះ បានធ្វើឡើង បន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អតីតគណបក្សសង្គ្រោះជាតិសរុប ១១៨នាក់ ត្រូវបានតុលាការកំពូល ចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ១៣រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ រួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី ទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន និងទី១៣៖ លោក ស៊ុន សុភ័ក្រ៕




