(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែតុលា ឆ្នាំ២០២០ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជម្រាបជូនឯកឧត្តម លោកជំទាវ អភិបាលរាជធានី ខេត្តថា ដោយសារស្ថានភាពភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាន ធ្វើឲ្យជន់លិចភូមិដា្ឋន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនកន្លែង ជាពិសេសនៅតាមបណ្ដាខេត្តភាគពាយ័ព្យប្រទេស សម្តេចសូមណែនាំ ឯកឧត្តម លោកជំទាវ បន្តយកចិត្តទុកដាក់ជាអាទិភាពបំផុតលើកិច្ចការសង្គ្រោះអាយុជីវិត និងដោះស្រាយបញ្ហាប្រឈមចំពោះមុខ។
ក្នុងសារតាមហ្វេសប៊ុក នៅថ្ងៃអាទិត្យនេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «នៅក្នុងស្ថានភាពនេះ ការធ្វើចរាចរណ៍នៅតាមដងផ្លូវ ដែលមានការជន់លិច ក៏អាចបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ ហេតុដូច្នេះ ខ្ញុំសូមណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងជួយសម្រួលការធ្វើចរាចរណ៍ នៅលើកំណាត់ផ្លូវ ដែលរងការជន់លិច ដូចជាការផ្អាកការធ្វើដំណើរឆ្លងកាត់ និងការដាក់ស្លាកសញ្ញាសំគាល់ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុ»។
សម្តេចក្រឡាហោម ស ខេង បានបន្តប្រកាស អំពាវនាវបងប្អូនប្រជាពលរដ្ឋ នៅតំបន់មានការជន់លិច យកចិត្តទុកដាក់តាមដានព័ត៌មាន និងការណែនាំរបស់អាជ្ញាធរ ដើម្បីការពារសុវត្ថិភាព ជាពិសេសរាល់ពេលធ្វើដំណើរនៅតំបន់ ដែលមានការជន់លិច៕




