(ភ្នំពេញ)៖ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្ទីរជំនាញ អាជ្ញាធរមូលដ្ឋានបន្ត ចុះពិនិត្យស្ថានភាពទឹក និងអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ហូរមកពីលើតាមអូរព្រំដែនកម្ពុជា~ថៃ ដែលរស់នៅជាប់អូរព្រំដែន ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ លើ២ឃុំអូស្រឡៅ និងឃុំម៉ាឡៃ នាព្រឹកថ្ងៃសៅរ៍ទី១០ ខែតុលា ឆ្នាំ២០២០។
ឯកឧត្តម អភិបាលខេត្តបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានអោយដឹងថា ចាប់ពីថ្ងៃទី០៧ ដល់១៣ ខែតុលា នេះ ភ្លៀងនឹងបង្កេីនការធ្លាក់រាយប៉ាយជាលំដាប់ តំបន់ទំនាបកណ្តាល ជួរភ្នំដងរ៉ែក នឹងមានភ្លៀងខ្យល់បក់ខ្លាំង ផ្គរ រន្ទះ និងទឹកបន្តហូរមកពីខេត្តបាត់ដំបង ប៉ៃលិន អាស្រ័យ ហេតុនេះ សូមប្រជាពលរដ្ឋ មេត្តា ប្រុង ប្រយ័ត្ន ខ្ពស់ ពីសុខសុវត្ថិភាព ដេីម្បី ជៀសវាង គ្រោះថ្នាក់ កេីតមានជាយថាហេតុ។
ជាមួយគ្នានះ ឯកឧត្តមសូមអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអ្នកប្រតិបត្តិការសង្គ្រោះទាំងអស់ ដែលបាន ប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីខ្ពស់ជួយពលរដ្ឋពីគ្រោះមហន្តរាយនេះ។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមអភិបាលខេត្ត បានបន្តចុះពិនិត្យមើលស្ថានភាពទឹកនៅភូមិត្នោត ឃុំសឿ ស្រុកមង្គលបូរី និងជួបជាមួយប្រជាពលរដ្ឋ១៥គ្រួសារ ដែលទទួលរងគ្រោះទឹកជំនន់ ដែលមានលំនៅដ្ឋានជាប់មាត់ស្ទឹងមង្គលបូរី ៕




