(ត្បូងឃ្មុំ)៖ ដើម្បីឲ្យសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយ ជាសសរទ្រូងប្រទេសជាតិ បានយល់កាន់តែច្បាស់ពីប្រវត្តិសាស្ត្រពិតប្រាកដ និងដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន បូជាសាច់ស្រស់ឈាមស្រស់ ប្តូរយកសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជា ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រៀបចំឲ្យមានទស្សនៈកិច្ចសិក្សាមួយឡើង ទៅកាន់តំបន់ប្រវត្តិសាស្ត្រក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ជាទីតាំងដែលផ្តើមសន្តិភាព សម្រាប់កម្ពុជា ដោយរាល់ការចំណាយទាំងអស់ លោកជាអ្នករ៉ាប់រង។
ក្នុងនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានចង្អុលបង្ហាញ និងណែនាំឲ្យមន្ទីរអប់រំ យុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ រៀបចំកម្មវិធីទស្សនកិច្ចសិក្សានេះឡើង ដោយមានក្រុមយុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក ដែលជាសមាជិកក្រុមប្រឹក្សាយុវជនតាមសាលាមធ្យមសិក្សាទូទាំងខេត្ត សរុបចំនួន ២១០នាក់ ចែកចេញជា៧វគ្គ ក្នុង ១វគ្គ ចំនួន ៣០នាក់ ធ្វើដំណើរទៅកាន់មជ្ឈមណ្ឌលប្រវត្តិសាស្ត្រកោះថ្ម ក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងស្តូបវិមាន ២ធ្នូ ក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយចាប់ផ្តើមមពីថ្ងៃទី១០ ខែតុលា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។
កម្មវិធីទស្សនកិច្ចសិក្សានេះ ក្រោមការធ្វើបទឧទ្ទេសនាមពីលោក ផេង ពង្សរ៉ាស៊ី នាយកកម្មវិធីស្រាវជ្រាវ និងអប់រំអំពើប្រល័យពូជសាសន៍នៅកម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិសាស្ត្រកម្ពុជា សម័យកម្ពុជាសាធារណៈរដ្ឋ (១៩៧០-១៩៧៥) សម័យកម្ពុជាប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ពិសេសដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិកម្ពុជារីកចំរើនមកដល់សព្វថ្ងៃ។
ក្នុងទស្សនៈកិច្ចសិក្សានោះ ក្រុមយុវជន ក៏បានទស្សនានូវការចាក់បញ្ចាំងខ្សែវីដេអូឯកសារចំនួន ២ផងដែរ ដោយវីដេអូទី១ និយាយពីដំណើរតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងទី២ វីដេអូ ស្តីពី រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨៕




