(កណ្តាល)៖ ថ្ងៃសៅរិ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានមូលមតិគ្នាដង្ហែកឋិនទានសាមគ្គីទៅកាន់វត្តជ្រោយស្នោ ស្ថិតនៅភូមិជ្រោយស្នោ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីនាំយកបច្ច័យទៅប្រគេន ព្រះសង្ឃដែលគង់ចាំវស្សាអស់កាលត្រីមាស។
កឋិនទាននេះបានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃសុក្រ ៧រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤:៣០នាទីរសៀល ជួបជុំមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយនៅទីស្តីការក្រសួង ដើម្បីចូលរួមពិធីក្រុងពាលីប្រារព្វធ្វើបទនមស្សការព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត រួចសម្តែងធម្មទេសនា លុះព្រឹកឡើងថ្ងៃសៅរិ៍ ៨រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦:០០ព្រឹក ជួបជុំមន្ត្រីរាជការ និងពុទ្ធបរិស័ទនៅទីស្តីការក្រសួង ដង្ហែដោយរថយន្តឆ្លងកាត់រាជធានីភ្នំពេញបន្តដំណើរតាមផ្លូវជាតិលេខ២១ ឆ្លងស្ពានកោះធំឆ្ពោះទៅកាន់វត្តជ្រោយស្នោ ដែលជាវត្តដាច់ស្រយាល ក្នុងចំណោមវត្តដាច់ស្រយាលទាំងឡាយក្នុងស្រុកកោះធំ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេកដែលបានឃើញមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយបានស្រុះស្រួលមូលមតិគ្នារៀបចំបុណ្យកឋិនទានសាមគ្គីនេះឡើងប្រកបដោយទឹកចិត្តជ្រះថ្លា និងស្មារតីសាមគ្គីភាពយ៉ាងជិតស្និទ្ធ។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ យើងមានឱកាសធ្វើបុណ្យ ធ្វើទានកសាងនូវសេចក្តីល្អ គឺដោយសារយើងមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបួងសួងដល់ទេវតាប្រទានពរជ័យ សិរីមង្គល វិបុលសុខ កើតមានដល់ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប និងសូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជូននូវកុសលផលបុណ្យចំពោះមន្រ្តីរាជការ និងពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ សូមបានសុខចម្រុងចម្រើន មានសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជារៀងរហូតទៅ៕




