(តាកែវ)៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅតាមភូមិសាស្ត្រស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់។
ឯកឧត្តម អ៊ូច ភា ក៏សូមធ្វើការអំពាវនាវឱ្យមន្ទីរជំនាញ នៅក្នុងខេត្តតាកែវ ត្រូវត្រៀម ការងារទប់ស្កាត់គ្រោះមហន្តរាយ គ្រោះធម្មជាតិទឹកជំនន់ទឹកភ្លៀង ដែលនឹងអាចកើតឡើង ជាយថាហេតុ។ ហើយមន្ទីរ ធនធានទឹក និងឧតុនិយមខេត្ត ត្រូវត្រៀមត្រួតពិនិត្យមើល អំពីស្ថានភាពទឹកជំនន់ ហើយត្រូវរាការណ៍ មកគណៈបញ្ជាការឯកភាពខេត្ត ដើម្បីត្រៀមបង្ការឆ្លើយតបដោះស្រាយបានទាន់ពេលវេលា។
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមថ្នាំបង្ការ នៃជំងឺឆ្លងសត្វគ្រប់ប្រភេទនារដូវទឹកជំនន់ទឹកភ្លៀងនេះ។ ត្រៀមលក្ខណ: គ្រប់គ្រាន់ ដើម្បីជួយសម្រួលទាំងមុននិងក្រោយទឹកជន់លិចផ្លូវ និងបង្កលក្ខណៈងាយស្រួល អោយប្រជាពលរដ្ឋ ចរាចរណ៍បានល្អប្រសើរឡើងវិញ។
នៅក្នុងឱកាសនោះ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ៕




