(ភ្នំពេញ)៖ លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនPAPAYA បានបង្ហាញពី ផ្នត់គំនិត២យ៉ាងរបស់មនុស្សដែលគួរឱ្យយើងត្រូវពិចារណា។ នៅក្នុងលោកយើងនេះមានការបែងចែកមនុស្សដែលមានផ្នត់គំនិតជាពីរសណ្ឋាន ពីព្រោះពួកគេប្រើការគិត ប្រើការមើលឃើញផ្សេងៗគ្នារហូតក្លាយជាទម្លាប់ រីឯផលវិញក៏ទទួលបានតាមទម្លាប់របស់ពួកគេដែរ។
-សណ្ឋានផ្នត់គំនិតនៃមនុស្សទី១៖ ពួកគាត់មានការស្រលាញ់អ្វីមួយឬចង់បានអ្វីមួយឲ្យបានសម្រេច ក៏ប៉ុន្តែពួកគាត់ មើលមិនឃើញពីរបៀប ឬ វិធីសាស្ត្រ ដែលត្រូវធ្វើឱ្យបានសម្រេចនោះឡើយ ពីព្រោះពួកគាត់រវល់តែមានហេតុផល នៃចំណុចឧបសគ្គ និងមើលឃើញតែហេតុផលនៃភាពបរាជ័យ ឧទាហរណ៍ ដូចជាពួកគាត់ មើលឃើញតែរឿងលំបាកដោយសារតែអាកាសធាតុ ដោយសារតែស្ថានភាពសេដ្ឋកិច្ច ឬដោយសារតែអ្នកនេះឬអ្នកនោះ ហេតុដូច្នេះហើយ មិនឲ្យពួកគាត់សម្រេចចិត្តដើរឆ្ពោះទៅកន្លែងដែលពួកគេចង់បានឡើយ។ «មានភាពបរាជ័យដ៏ធំ កើតឡើងដែលយើងមើលឃើញតែពីភាពបរាជ័យរបស់ អ្នកដទៃហើយក៏បានផ្សាភ្ជាប់មកចំពោះខ្លួនយើង»។
-ផ្នត់គំនិតនៃមនុស្សទី២៖
«អ្នកសម្រេចចិត្ត អ្នកធ្វើ អ្នករៀនពីការធ្វើ អ្នកស្វែងរកដំណោះស្រាយ»
នៅពេលដែលពួកគេចង់បានអ្វីមួយ ឬចង់ឲ្យសម្រេចអ្វីមួយពួកគេនិងយកចិត្តទុកដាក់ផ្ដោតជាពិសេសគិតស្វែងរកវិធីដើម្បីធ្វើឲ្យបានសម្រេច គោលបំណងរបស់ខ្លួន ហើយពួកគេមិនបានផ្ដោតទៅលើអ្វីដែលពួកគេមិនមានឡើយ។
ពួកគេជាប់រវល់តែកែច្នៃនិងថែទាំអ្វីដែលនៅជុវិញខ្លួនរបស់ពួកគេ ដើម្បីឲ្យក្លាយជាយានសម្រាប់គោលដៅដែលពួកគេចង់ទៅឬក៏អ្វីដែលពួកគេចង់ឲ្យបានសម្រេច ពួកគេ មិនចាប់អារម្មណ៍ចំពោះពាក្យថាលំបាកឬ ការបរាជ័យឡើយ។
និយាយរួមគ្រប់យ៉ាងដែលពួកគេមានគឺការ អត់ធ្មត់ ភាពមិនចុះចាញ់ និងមានភាពបត់បែន ជាពិសេសទៀតនោះពួកគេបង្កប់នូវក្ដីរីករាយ និងក្ដីស្រលាញ់នៅតាមដងផ្លូវធ្វើដំណើររបស់ពួកគេ ហើយពួកគេតែងតែប្រកាន់ភ្ជាប់នៅគោលការណ៍ផ្ទាល់ខ្លួនរបស់ពួកគេដែលថា «ការមិនសម្រេចចិត្តពីព្រោះការខ្លាចបរាជ័យវាជាការបរាជ័យរួចទៅហើយ» ពួកគាត់រៀនដើម្បីឱ្យយល់ ដើម្បីបត់បែន ពួកគាត់រៀនដើម្បីធ្វើការសម្រេចចិត្តតូចៗជារៀងរាល់ថ្ងៃដែលក្លាយជាទម្លាប់រៀនបានលឿន និងសម្រេចចិត្តរៀនតាមដងផ្លូវដែលពួកគេធ្វើដំណើរទៅរកទិសដៅរបស់ពួកគេ។
អត្ថបទខាងលើ និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. ដែលមាន PAPAYA REAL ESTATE ( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ), PAPAYA HOMESTAY (គម្រោងលើវិស័យទេសចរណ៍) និងPAPAYA GARDEN ( គម្រោងលើវិស័យកសិកម្ម និងចែកចាយអាហារ)៕




