(ភ្នំពេញ)៖ នៅទូទាំងប្រទេស ការិយាល័យ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានចាប់បើកដំណើរការហើយ នៅម៉ោង ៧ព្រឹក ថ្ងៃទី១ ខែតុលា ឆ្នាំ២០២០។ ការចុះឈ្មោះបោះឆ្នោត ប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមសាលាឃុំសង្កាត់ នៅទូទាំងប្រទេស។
គ.ជ.ប បានប្រកាសអញ្ជើញប្រជាពលរដ្ឋ ដែលគ្រប់អាយុ ១៨ឆ្នាំ កើតមុន ឬត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣ ឬអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត មកចុះឈ្មោះឲ្យបានគ្រប់ៗគ្នា។ ការមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទើបអាចបោះឆ្នោតបាន។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ដំណើរការចុះឈ្មោះបោះឆ្នោតនេះ គឺជាការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត ដែលជាធម្មតា គ.ជ.ប បានធ្វើរៀងរាល់ឆ្នាំ ទោះបីជានៅឆ្នាំ២០២០ នេះ ជាឆ្នាំ ដែលមិនមានការបោះឆ្នោត ក៏ដោយ។
តាមគ.ជ.ប ប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ឆ្នាំ២០១៩ មានចំនួន ៨ ៦២៩ ៣៥៧ នាក់។ ដោយឡែក សម្រាប់ឆ្នាំ២០២០ នេះ យោងតាមស្ថិតិប្រជាពលរដ្ឋ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន គ.ជ.ប មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ចំនួន ៣០០ ៣៩០ នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ១២៣ ២៥១ នាក់។
អំឡុងពេលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅតាមសាលាឃុំសង្កាត់ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ គឺប្រជាពលរដ្ឋ ក៏អាចស្នើសុំឲ្យកែតម្រូវអត្តសញ្ញាណរបស់ខ្លួន នៅលើបញ្ជីឈ្មោះបោះឆ្នោត ប្រសិនបើខុសឈ្មោះ ឬខុសថ្ងៃខែឆ្នាំកំណើត ជាដើម៕









