(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការពារជាតិ បានអនុញ្ញាត្តឲ្យ លោកវរសេនីយ៍ឯក Warapod Warapisan នាយរងការិយាល័យអនុព័ន្ធយោធា និងជាអនុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលានៅបន្ទប់សវនាការទីស្តីការគណៈរដ្ឋមន្ត្រី។
លោកវរសេនីយ៏ឯក Warapod Warapisan បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិ ក៏ដូចអគ្គបញ្ជាការ និងបណ្តាកងឯកភាពរបស់កងទ័ពនានា ដែលបានជួយសម្រួលឲ្យលោក ទទួលបានជោគជ័យ នៃបេសកកម្មការទូតរយៈពេល ៣ ឆ្នាំនៅកម្ពុជា។ លោកបានសំដែងក្តីរីករាយ ដោយមើលឃើញពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្នុងរយៈពេលខ្លីខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ទាំងនៅភ្នំពេញ និងនៅគ្រប់ទីកន្លែង។ ទាំងនេះបានឆ្លុះបញ្ចាំងពីការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី គឺធ្វើឱ្យប្រទេសកម្ពុជាទទួលការអភិវឌ្ឍន៍ សន្តិភាព និងស្ថិរភាព។ លោកបានជម្រាបជូន ឯកឧត្តម រដ្ឋលេខាធិការថែមទៀតថា៖ ក្នុងកំឡុងបេសកកម្ម ការទូតរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា អនុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃ បានសម្រចនូវទំនាក់ទំនងល្អជាមួយកងទ័ពជើងអាកាសកម្ពុជា ដោយកន្លងមកមានដំណើរទស្សកិច្ច របស់មេបញ្ចាការកងទ័ពជើងអាកាសភូមិន្ទថៃចំនួន ២លើក ព្រមទាំងលោកបានធ្វើដំណើរទស្សនកិច្ចនៅតាមបណ្តាកងឯកភាពនានា។ លោកសង្ឃឹមថា៖ ក្រសួងការពារជាតិកម្ពុជា នឹងបន្តជួយជ្រោមជ្រែងដល់លោកអនុព័ន្ធយោធាថ្មី ដែលមកបន្តភារកិច្ចពីលោក ដូចដែលបានអនុវត្តជាមួយលោកកន្លងមកដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៏ នាង ផាត បានអបអរចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោកវរសេនីយ៏ឯក Warapod Warapisan ក្នុងរយៈពេល ៣ឆ្នាំ នៅកម្ពុជា ដែលបានបំពេញតួនាទីប្រកបដោយ វិជ្ជាជីវៈ និងមានទំនាក់ទំនងល្អជាមួយនឹងក្រសួងស្ថាប័នរដ្ឋ កងទ័ព និងប្រជាជនកម្ពុជា។ ឯកឧត្តម បានចាត់ទុកថា៖ បេសកកម្មការទូតរបស់លោក ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងពង្រីក ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជាផ្លែផ្កា និងមានផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រទេសយើងទាំងពីរ ពិសេសវិស័យកងទ័ពជើងអាកាស នៃប្រទេសយើងទាំង២ទៀតផង។ ឯ.ឧបានជូនពរលោក អនុព័ន្ធកងទ័ពជើងអាកាសភូមិន្ទថៃ នៅពេលត្រឡប់ទៅមាតុភូមិវិញឲ្យជួបប្រទះសេចក្តីសុខក្នុងក្រុមគ្រួសារ និងអនុវត្តន៏ភារកិច្ចថ្មីទទួលបានភាពរីកចំរើន៕




