(ខេត្តពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី៩ ខែតុលានេះ ទាហានជាច្រើន ត្រូវបានចេញជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង នៅកំណាត់ផ្លូវជាតិលេខ៥៥។ ចំណែកអាជ្ញាធរខេត្តពោធិ៍សាត់ បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមដងស្ទឹងពោធិ៍សាត់ ឲ្យបង្កើនការប្រុងប្រយ័ត្ននឹងគ្រោះទឹកជំនន់ បង្កដោយទឹកភ្លៀង។
អាជ្ញាធរខេត្តពោធិ៍សាត់ បានប្រកាសថា នៅថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២០ ស្ថានភាពកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បានកើនឡើងក្នុងកំរិត ដែលត្រូវប្រកាសអាសន្ន (កម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់ ៥,៤៥ម៉ែត្រ ខណៈកម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ) ដែលបង្កឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួន ក្នុងខេត្តពោធិ៍សាត់។
ជាមួយគ្នានេះផងដែរ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ បាន និងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួមជួយចុះអន្តរាគមន៍ និងទប់ស្កាត់ជំនន់ទឹកភ្លៀង តាមដងផ្លូវ ដោយដឹកជញ្ជូនខ្សាច់ និងកងកំលាំងចាំជួយប្រជាពលរដ្ឋ តាំងពីពេលកើតហេតុ រហូតមកទល់ល្ងាចថ្ងៃទី៩ តុលានេះ។
អាជ្ញាធរខេត្តពោធិ៍សាត់ បានប្រកាសអំពាវនាវ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាប្រុងប្រយ័ត្ន និងផ្អាកការធ្វើដំណើរ នៅតំបន់ ដែលរងផលប៉ះពាល់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕




