(អន្តរជាតិ)៖ គ្រូពេទ្យរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាលោកប្រធានាធិបតីអាមេរិករូបនេះ បានជាសះស្បើយទាំងស្រុងពីជំងឺ COVID-19 ហើយដោយសុខភាពរបស់លោកមានស្ថេរភាពល្អចាប់តាំងពីវិលត្រឡប់មកសេតវិមាន ហើយគាត់អាចវិលត្រឡប់ការចូលរួមព្រឹត្តិការណ៍ជាសាធារណៈនៅថ្ងៃសៅរ៍។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសារមួយចេញផ្សាយដោយសេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) លោកវេជ្ជបណ្ឌិត សន ខុនលី (Sean Conley) បានគូសបញ្ជាក់ទៀតថា លោក ដូណាល់ ត្រាំ ពេលនេះបានធូរស្បើយហើយ និងដោយគ្មានផលប៉ះពាល់អ្វីទេ។
រំលឹកដែរថាលោកប្រធានាធិបតីបានប្រកាសថា គាត់បានឆ្លងជំងឺ COVID-19 កាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយគាត់បានចាកចេញពីមន្ទីរពេទ្យត្រឡប់មកសេតវិមានកាលពីថ្ងៃចន្ទសប្តាហ៍នេះ។ វេជ្ជបណ្ឌិត Sean Conley បាននិយាយថា៖«ចាប់តាំងពីត្រលប់មកផ្ទះវិញ ការពិនិត្យរាងកាយរបស់គាត់នៅតែមានស្ថេរភាពល្អ និងគ្មានសញ្ញាណាមួយ បង្ហាញពីការវិវត្តនៃជំងឺនោះទេ»៕




