(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ស្តីពី ករណីមានការរៀបចំពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅតាមភូមិឃុំ និងនៅទីវត្តអារ៉ាម ក្នុងបរិបទ នៃការប្រយុទ្ធជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សេចក្តីណែនាំ បង្ហាញថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជាយើង មិនមានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញក៏ដោយ ក៏ប៉ុន្តែតាមការសង្កេតឃើញថា អាចមានក្រុមប្រជាពលរដ្ឋខ្លះ មានរៀបចំការប្រណាំងទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដោយក្រុមតូចៗ របស់គាត់ នៅតាមភូមិឃុំ និងនៅតាមទីវត្តអារ៉ាម ឬនៅតាមផ្ទះសម្បែង ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ពីអាជ្ញាធរមូលដ្ឋាន និងក្រុមអ្នករៀបចំពិធីនេះ ក្នុងការធានាមិនឲ្យមានការចម្លងវីរុសកូវីដ១៩ ចូលក្នុងសហគមន៍យើង។



