អភិបាលខេត្តរតនគិរី ​ចុះផ្ទាល់ដើម្បីបញ្ជាក់ច្បាស់ពីផលប៉ះពាល់ ​ក្នុងគម្រោងកែលម្អជុំវិញបឹងកន្សែង ​​
SWIFT NEWS ថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(រតនគិរី)៖ ​ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែងអំពីផលប៉ះពាល់លើប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងកន្សែង ក្រុងបានលុង ក្នុងគម្រោងកែលម្អរអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជុំវិញបឹងនេះ។ 

ឯកឧត្តមបានបញ្ជាក់ថា ជាលទ្ធផលមានពលរដ្ឋសរុបចំនួន ៤៥គ្រួសារ ដែលត្រូវប៉ះពាល់ក្នុងគម្រោងនេះក្នុងកម្រិតជាក់ស្តែង (ប៉ះរបង តូប និងសំយ៉ាបផ្ទះដែលសាងសង់លើដីចំណីផ្លូវ) ក្នុងនោះមានពលរដ្ឋ ៤៤គ្រួសារ សារទរចំពោះគម្រោងនេះ ដោយព្រមសហការ និងចូលរួមជាមួយអាជ្ញាធរខេត្តដោយស្ម័គ្រចិត្ត រុះរើសំណង់ តូប សំយ៉ាបផ្ទះចេញពីចំណីផ្លូវ ដើម្បីទុកលទ្ធភាពជូនអាជ្ញាធរសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ 

ទន្ទឹមគ្នានេះ មានម្ចាស់សណ្ឋាគារ ០១ទីតាំង (សណ្ឋាគារទែរ៉ូ) បានជំទាស់មិនព្រមសហការ ជាមួយអាជ្ញាធរ និងធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិតទាក់ទងទៅនឹងការស្ម័គ្រចិត្តរបស់ពលរដ្ឋទាំង៤៤គ្រួសារ និងស្នើអាជ្ញាធរពង្វាងផលប៉ះពាល់លើកម្មសិទ្ធិរបស់គាត់(លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារ)។ 

បើតាមឯកឧត្តមអភិបាលខេត្ត ក្រោយការចុះសម្របសម្រួល ពន្យល់លម្អិតអំពីទស្សនវិស័យ និងគម្រោងអភិវឌ្ឍន៍របស់ខេត្ត ព្រមទាំងកំណត់ផលប៉ះពាល់ជាក់ស្តែង លោកស្រី ខៃ ចិន្តា បានព្រមទទួលយក និងសហការជាមួយអាជ្ញាធរខេត្ត ប៉ុន្តែទាមទារនូវការសងសំណងលើផលប៉ះពាល់មួយចំនួន (ប៉ះពាល់ផ្នែកខ្លះនៃរបងសណ្ឋាគារ)។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ «ក្នុងអាជ្ញាធរថ្នាក់ដឹកនាំខេត្ត យើងខ្ញុំខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្ត ឲ្យស្របតាមការអភិវឌ្ឍន៍ រដ្ឋាភិបាលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី»។

គួរជម្រាបថា បឹងកន្សែង​ គឺជាកន្លែងកម្សាន្ត​ដ៏ល្បីរបស់ខេត្តរតនគិរី​ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ចម្ងាយ​ជាង ​១​គីឡូម៉ែត្រ​ពីក្រុង​បាន​លុង។ រដ្ឋបាលខេត្តកំពុងអនុវត្តគម្រោងពង្រីកផ្លូវទំហំ ២៥ម៉ែត្រជុំវិញបឹងកន្សែង និងកែលម្អបឹងកន្សែង ក្លាយជាទីសម្រាកលំហែកាយសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

បើតាមផែនទីគំរូរៀបចំបឹងកន្សែង បានបង្ហាញពីការកែប្រែមុខមាត់ថ្មីរបស់បឹងកន្សែង ជាមួយនឹងការសាងសង់អគាររដ្ឋបាល សារមន្ទីរ សាលតាំងពិព័រណ៍ ចំណតរថយន្ត ផ្លូវសម្រាប់ដើរជុំវិញបឹងកន្សែង សួរច្បារ និងកោះជាទីជម្រកសត្វស្លាបនៅកណ្តាលបឹងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង
សូមប្រុងប្រយ័ត្ន! សកម្មភាពឆបោក ប្រាក់តាមបណ្តាញសង្គម​ ​បន្តកើតមាននៅកម្ពុជា​
ព័ត៌មានជាតិ
BEST TV: កីឡាករខ្មែរ ខំលើកតម្កើងប្រាសាទអង្គរវត្ត បែរជាមានអ្នកខ្លះរិះគន់!
ព័ត៌មានជាតិ
TOP NEWS: សម្តេចតេជោ ហ៊ុន សែន ​នឹងថ្លែងសារពិសេសពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩​ និងការទិញវ៉ាក់សាំង ​នៅម៉ោង៩ព្រឹក​ថ្ងៃ​ស្អែក​
ព័ត៌មានជាតិ
TOP NEWS: សម្តេចពិជ័យសេនា ទៀ បាញ់ ​និងសហការី ព្រមទាំងអ្នកនៅជុំវិញខ្លួន ​លទ្ធផលតេស្តលើកចុងក្រោយ ​គឺអវិជ្ជមានទាំងអស់​
ព័ត៌មានជាតិ
ក្រុមអ្នកវិភាគ៖ ក្រុមហ៊ុនឱសថ Pfizer និង Moderna អាចរកចំណូលបានរហូតដល់ ៣២ពាន់លានដុល្លារ ពីការលក់វ៉ាក់សាំង Covid-19 ក្នុងឆ្នាំ២០២១
ព័ត៌មានជាតិ
ព្រះមហាក្សត្រ ព្រះរាជទាន ព្រះរាជសារ ​និងបាច់ផ្កាស្រស់ ​ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ក្នុងឱកាសថ្ងៃខួបកំណើត​
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី