(សហរដ្ឋអាមេរិក)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ (វេលានៅអាមេរិក) ថា អ៊ីស្រាអែល និងម៉ារ៉ុក បានយល់ព្រមបង្កើតទំនាក់ទំនងការទូតពេញលេញ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើ twitter ថា កិច្ចព្រមព្រៀងនេះថាជា «របកគំហើញដ៏ធំមួយសម្រាប់សន្តិភាពនៅមជ្ឈឹមបូព៌ា» ដោយក្នុងនោះ ប្រឹក្សាជាន់ខ្ពស់របស់លោក ត្រាំ លោក Jared Kushner បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងនេះ។
ជាមួយគ្នានេះផងដែរ លោកត្រាំ ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាស ទទួលស្គាល់អធិបតេយ្យភាពម៉ារ៉ុកលើសាហារ៉ាខាងលិច ដែលតំបន់នេះគឺស្ថិតនៅភាគពាយព្យនៃទ្វីបអាហ្វ្រិក។
ចាប់តាំងពីខែសីហាមក ម៉ារ៉ុកគឺជាប្រទេសអារ៉ាប់ទី៤ ដែលបានធ្វើកិច្ចព្រមព្រៀងមួយដែលមានគោលបំណងធ្វើឱ្យមានទំនាក់ទំនងធម្មតាជាមួយអ៊ីស្រាអែល ប្រទេសទាំង៣ផ្សេងទៀតរួមមាន អារ៉ាប់រួម បារ៉ែន និងស៊ូដង់៕



