(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានឲ្យដឹងពីករណីបុរសធ្វើចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ករណីនេះ លោកជំទាវបានបញ្ជាក់ថា៖ បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្នបានដឹងខ្លួន និងនិយាយបាន ខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រើប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលើបញ្ហាជំពាក់លុយគេច្រើនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ។ ការធ្វើតេស្តទឹកនោមគាត់ គឺឃើញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។
លោកជំទាវ ឱ វណ្ណឌីន បានបន្តថា គាត់មានលទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ៕





