(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូថា កម្លាំងសមត្ថកិច្ចបានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនបុរសជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៥០គីឡូក្រាមអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ២:៤០នាទីជិតភ្លឺ កម្លាំងជំនាញ (ក៩) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី យិន បញ្ញារិទ្ធ នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក ដុស សុវឌ្ឍន: នាយការិយាល័យ ព្រមទាំងមានការសម្របសម្រួល ពីលោក អ៊ុំ សុភ័ក្តិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃមកកម្ពុជា នៅចំណុចក្បែរវិមានឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជាលទ្ធផល: ក-ចាប់ខ្លួន: ជនសង្ស័យ ០១នាក់ ឈ្មោះ សុរ:ឆៃ ខាំកែវ (SURACHAI KHAMKAEW) ហៅ នឹង ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិ ថៃ កាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២។ ខ-វត្ថុតាងចាប់យកបាន: សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE ៥០កញ្ចប់ធំ ទម្ងន់ប្រមាណ ៥០គីឡូក្រាម និង៨០,២៤ ក្រាម។ -រថយន្តធុន LEXUS៤៧០ ព៌ណទឹកមាស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2M-7875។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី៕




