(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ បានសម្រេចបិទសណ្ឋាគារ និងភោជនីយដ្ឋាន យីហោ «ចម្ប៉ា ពេជ្រ» ស្ថិតនៅទីរួមស្រុកស្នួល ខេត្តក្រចេះ នៅជិតសាលាស្រុកស្នួល ជាបណ្តោះអាសន្ន កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។ នៅថ្ងៃទី១០ធ្នូនេះ បុគ្គលិកសរុបចំនួន ៧១នាក់ ត្រូវបានយកសំណាក ដើម្បីធ្វើតេស្ដរកកូវិដ-១៩។
ការបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែងខាងលើនេះ គឺធ្វើឡើងកាលពីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីរកឃើញថា មានបុរសឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ។ បុរសនោះ បានទៅស្នាក់នៅមួយយប់ នៅសណ្ឋាគារ ចម្ប៉ា ពេជ្រ កាលពីថ្ងៃទី១ ខែធ្នូកន្លងទៅ។
លោក ឈុន មករា អនុប្រធានផ្នែកបង្ការ និងគ្រប់គ្រងជំងឺនៃមន្ទីរសុខាភិបាល ខេត្តក្រចេះ បានអោយដឹងថា សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារ មួយនេះ សរុបមានចំនួន ៧១នាក់ ហើយថ្ងៃនេះ ក្រុមការងារ បានយកសំណាកទៅធ្វើតេស្ត លើកទី១ នឹងទទួលបានលទ្ធផលនៅថ្ងៃស្អែក។
ម្ចាស់ និងបុគ្គលិកទាំង ៧១នាក់ គឺក្រុមការងារតម្រូវឲ្យធ្វើចក្តាឡីស័ក និងស្នាក់នៅខាងក្នុងសណ្ឋាគារនេះ ក្នុងរយៈពេល ១៤ថ្ងៃ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច ២ម៉ែត្រ និងមិនត្រូវរស់នៅប្រមូលផ្តុំគ្នាឡើយ។
សម្រាប់ការទំនាក់ទំនង់ជាមួយសាច់ញាតិ បងប្អូន មិត្តភក្តិ ឬទិញម្ហូបអាហារ ត្រូវទាក់ទង់គ្នា តាមរយៈទូរសព្ទ័ជាមួយអ្នកនៅខាងក្រៅ មិនអាចទាក់ទងគ្នាផ្ទាល់បានឡើយ ដើម្បីរក្សាសុវត្ដិភាព និងជាការអនុវត្តន៍តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕






