(ភ្នំពេញ)៖ ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើង ថា ក្នុងនាមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្ដមសូមចូលរួមអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនាឆ្នាំនេះក្រោមប្រធានបទ«សិទ្ធិ និងសន្តិភាព»។ តាមរយៈវីដេអូជិត៦នាទី ដើម្បីចូលរួមអបអរសាទរក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនាឆ្នាំនេះឯកឧត្ដម កែវ រ៉េមី បានថ្លែង ថា សិទ្ធិមនុស្សគឺជាសិទ្ធិសេរីភាពជាមូលដ្ឋាន ដែលមនុស្សគ្រប់រូបត្រូវមាន ដើម្បីរស់នៅក្នុងសេចក្ដីថ្លៃថ្នូរ សមរម្យជាមនុស្ស។
សម្រាប់ស្ថានភាពនៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក ឯកឧត្តម កែវ រ៉េមី បានលើកឡើង ថា គណៈកម្មាធិការសិទ្ធិមនុស្ស បានកត់សម្គាល់ឃើញថា មានបញ្ហាជាច្រើនកំពុងកើតមានដូចជា៖ សង្គ្រាមនៅតែបន្តមាន,ជំលោះប្រដាប់អាវុធ ជំលោះផ្ទៃក្នុងនៅតែបន្តកើនឡើង,បញ្ហាគ្រោះមហន្តរាយ,បញ្ហារាតត្បាតជំងឺកូវីដ-១៩,ជំលោះសាសនាបន្តកើនឡើង,ការរើសអើងពូជសាសន៍ និងពណ៌សម្បុរនៅតែបន្តមានដែរ។
ឯកឧត្ដម កែវ រ៉េមី បានលើកឡើងបន្ត ថា បញ្ហាសង្រ្គាមដែលបន្តកើតឡើងនៅតាមបណ្ដាប្រទេសមួយចំនួន គឺធ្វើឲ្យប្រជាពលរដ្ឋបាត់បង់សិទ្ធិមានជំរក,បាត់បង់សិទ្ធិរស់រានមានជីវិត,សិទ្ធិទទួលបាននូវការអប់រំ,ការទទួលបាននូវសេវាសុខាភាពជាដើម។ ដូច្នេះហើយ ទើបគណៈកម្មាធិការសិទ្ធិមនុស្ស សង្កេតឃើញថា មានផលប៉ះពាល់ជាខ្លាំងដូចជានៅប្រទេសយ៉េមែន ដែលយោងតាមអង្គការយូនីសែហ្វ គឺឃើញថាកុមារដែលរងផលប៉ះពាល់ដោយសារកង្វះជាតិអាហារមានរហូតដល់២,៤លាននាក់។ ផ្ទុយពីប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត មិនឲ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់បាយនោះទេ ដែលជានេះការលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត។
ក្រៅពីនេះទៀតនៅពេលប្រទេសកម្ពុជា រងនូវការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាជួបបញ្ហាគ្រោះទឹកជំនន់ គឺរាជរដ្ឋាភិបាល,កាកបាតក្រហមកម្ពុជា,កងកម្លាំងប្រដាប់អាវុធ,និងក្រុមយុវជនជាដើម បានរួមគ្នាជួយសង្រ្គោះប្រជាជនបានយ៉ាងទាន់ពេលវេលា ដែលនេះជាចំណុចសំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា បានលើកស្ទួយនូវសិទ្ធិរស់រានមានជីវិត ហើយក្រៅពីនេះរាជរដ្ឋាភិបាលក៏បានទម្លាក់កញ្ចប់ថវិកា ផ្ដល់ជំនួយជួយប្រជាជនដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ក្នុងទំហំទឹកប្រមាណជា២៥លានដុល្លារជារៀងរាល់ខែ។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាឯកឧត្ដម កែវ រ៉េមី បានលើកឡើងដែរថា «ច្បាប់របស់យើងមានលក្ខណៈល្អប្រសើរ រដ្ឋធម្មនុញ្ញបានបង្ហាញពីទោសប្រហារជីវិតមិនមាន ហើយជំពូកទី៣នៃរដ្ឋធម្មនុញ្ញទាំងមូល សឹងតែនិយាយពីបញ្ហាសិទ្ធិមនុស្សទាំងអស់ ហើយក្រៅពីនេះលិខិតតុបករណ៍សិទ្ធិមនុស្សសំខាន់ៗចំនួន៩ ដែលជាលិខិតតុបករណ៍របស់សិទ្ធិមនុស្ស គឺកម្ពុជាបានអនុម័តចំនួន៨នៅលើ៩ គឺសឹងតែ១០០ភាគរយ ដែលជាការនាំមុខនៅក្នុងតំបន់ នៅក្នុងអាស៊ាន នេះជាចំណុចមួយដែលជាក់ស្ដែង យើងសង្កេតឃើញនូវការវាយតំលៃខ្ពស់»។
ឯកឧត្ដម កែវ រ៉េមី បានថ្លែងបន្តទៀតថា»ក្រៅពីនេះទៀតថ្មីៗនេះសម្ដេចតេជោនាយករដ្ឋមន្ត្រី លោកបានអនុញ្ញាតឲ្យបន្តអាណត្តិរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ដែលនឹងផុតកំណត់អាណត្តិរបស់ខ្លួននៅក្នុងខែ១២នេះ អញ្ចឹងសូមជម្រាបជូនថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី យើងមានឆន្ទៈខ្ពស់ហ៊ាន គឺថាបន្តនូវវត្តមានរបស់ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិជារៀងរាល់២ឆ្នាំម្ដងៗ ហើយនិងអ្នករាយការណ៍ពិសេសSpecail Reporter ដែលសព្វថ្ងៃមានវត្តមានលោកជំទាវរ៉ូណាស្មីត»។
ឯកឧត្ដម កែវ រ៉េមី បានបញ្ជាក់ជាចុងក្រោយថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមគាំទ្រទាំងស្រុងចំពោះវិធានការរបស់រាជរដ្ឋាភិបាល ហើយគណៈកម្មាធិការសិទ្ធិមនុស្សក៏សូមអបអរសាទរសារជាថ្មី ចំពោះទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូផងដែរ។
សូមជម្រាប ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅឆ្នាំ២០២០នេះមិនបានប្រារព្ធពិធីជួបជុំដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ដោយសារតែស្ថានភាពជំងឺកូវីដ-១៩កំពុងបន្តរាតត្បាត។ ក៏ប៉ុន្តែគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំជាវីដេអូផ្សព្វផ្សាយអប់រំខ្លីអំពីសិទ្ធិ និងសន្តិភាព និងវីដេអូប្រសាសន៍របស់ឯកឧត្តមកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្លែងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ៕



