(ភ្នំពេញ)៖ វិទ្យុបារាំងអន្តរជាតិ RFI ជាភាសាខ្មែរ បានប្រកាសនៅថ្ងៃនេះថា នឹងដំណើរការផ្សាយធម្មតាឡើងវិញ ចាប់ពីថ្ងៃទី៩ ខែធ្នូតទៅ។
វិទ្យុបារាំង បានផ្សាយតាមវេបសាយ និងហ្វេសប៊ុករបស់ខ្លួនថា រដ្ឋបាលនៃអគារកាណាឌីយ៉ា បានផ្ញើសារអេឡិចត្រូនិក មកកាន់អតិថិជន ដែលជួលការិយាល័យ ក្នុងអគាររបស់ខ្លួន នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ម្ចាស់អាគារ បានអនុញ្ញាតឲ្យក្រុមហ៊ុន ដែលបានជួលអាគារនេះ អាចបន្តដំណើរការជាធម្មតាឡើងវិញ ចាប់ពីថ្ងៃទី៩ខែធ្នូតទៅ តាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី៧ ខែធ្នូ លើកលែងតែធនាគារចិនមួយប៉ុណ្ណោះ ដែលក្រសួងសុខាភិបាលតម្រូវឲ្យផ្អាកដំណើរការ ១៤ថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។
ទីស្នាក់ការវិទ្យុបារាំង RFI ស្ថិតនៅជាន់ទី២១ ក្នុងអគារកាណាឌីយ៉ា ដែលមានកម្ពស់ ៣២ជាន់ ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ បានផ្អាកការផ្សាយ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីក្រសួងសុខាភិបាល បានរកឃើញបុគ្គលិក ភេទប្រុសម្នាក់ ធ្វើការនៅធនាគារចិន ដែលជួលការិយាល័យ ក្នុងអាគារកាណាឌីយ៉ា មានវិជ្ជមានវីរុសកូវីដ១៩។
ភ្លាមៗ បុគ្គលិកប្រមាណ ៦០០នាក់ ដែលបំរើការងារ នៅអគារកាណាឌីយ៉ា រួមទាំងបុគ្គលិករបស់វិទ្យុបារាំងផង ត្រូវបានក្រសួងសុខាភិបាល តម្រូវឲ្យធ្វើតេស្ត រកមេរោគកូវីដ១៩ ហើយត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ លទ្ធផលតេស្តលើកទី១ បង្ហាញថា អវិជ្ជមានទាំងអស់។
យ៉ាងណាក៏ដោយ តាមក្រសួងសុខាភិបាល អ្នកធ្វើតេស្តលើកទី១ទាំងអស់នោះ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ហើយត្រូវទៅធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ ចុងក្រោយ នៅថ្ងៃទី១៧ ខែធ្នូ។
ប៉ុន្តែក្រុមហ៊ុន ដែលជួលអគារកាណាឌីយ៉ា សម្រេចឲ្យបុគ្គលិកចូលធ្វើការឡើងវិញ ចាប់ពីថ្ងៃទី៩ធ្នូនេះ ហាក់ដូចជាមិនឡូហ្ស៊ិកទាល់តែសោះ ទៅនឹងវិធានសុខាភិបាល ក្នុងការតម្រូវឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។
ម្យ៉ាងទៀត ការិយាល័យរបស់វិទ្យុបារាំង RFI នៅជាន់ទី២១ គឺជាជាន់ដែលធនាគារចិន មានទីស្នាក់ការមួយ នៅទីនោះដែរ។ ដូច្នេះគួរតែអ្នកកាសែតរបស់វិទ្យុបារាំង គោរពតាមគោលការណ៍ចត្តាឡីស័កឲ្យបានត្រឹមត្រូវ ហើយអាចធ្វើការពីផ្ទះ តាមអនឡាញ ប្រហែលជាប្រសើរជាងទៅធ្វើការនៅការិយាល័យដោយផ្ទាល់៕



