(ភ្នំពេញ)៖ ឧកញ៉ា សៀ ឬទ្ធី និងលោកជំទាវ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមបរិច្ចាគថវិកាចំនួន២០០,០០០ដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩នៅកម្ពុជា។
សូមជម្រាបថា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩នៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ៥០ម៉ឺននាក់។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាន និងដាក់ឲ្យប្រើប្រាស់ហើយនឹងកំពុងបញ្ចេញ លក់ឲ្យប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ ១លានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេច បានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន៕




