(អន្តរជាតិ)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ការឆ្លងជំងឺ COVID-19 របស់លោកគឺជា «ពរជ័យពីព្រះ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។
នៅក្នុងសារវីដេអូដំបូងរបស់គាត់ចាប់តាំងពីចេញពីមន្ទីរពេទ្យ លោក ដូណាល់ ត្រាំ បាននិយាយថា ការឆ្លងជំងឺ COVID-19 របស់លោកវាបានធ្វើឱ្យលោកមានឱកាសទទួលបានការសាកល្បងព្យាបាល ហើយលោកបានសន្យាថា ថ្នាំដែលលោកបានសាកល្បងប្រើប្រាស់នោះ នឹងមានសម្រាប់ពលរដ្ឋអាមេរិកទាំងអស់ដោយឥតគិតថ្លៃ។
លោក ដូណាល់ ត្រាំ បានបន្ថែមទៀតថា ៖«នេះគឺជាពរជ័យពីព្រះ ដែលខ្ញុំបានឆ្លងជំងឺនេះ»។ ដោយបន្ថែមថា ការព្យាបាលរបស់គាត់ដោយថ្នាំរបស់ក្រុមហ៊ុន Regeneron Pharmaceuticals Inc REGN.O បានអនុញ្ញាតឱ្យគាត់ពិសោធដោយផ្ទាល់ពីប្រសិទ្ធភាពរបស់វា។
យ៉ាងណាមិញគ្រូពេទ្យរបស់ លោក ដូណាល់ ត្រាំ ក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រយៈពេល ២៤ម៉ោង កន្លងមកនេះ លោកប្រធានាធិបតីមិនមានចេញអាការទៀតនោះទេ ហើយគាត់ក៏មិនចាំបាច់ទទួលអុកស៊ីសែនបន្ថែមដែរ៕




