(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មការ អប់រំ យុវជន កីឡា ធម្មការ និងកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ឬគណៈកម្មការទី៧ របស់រដ្ឋសភា នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្ស ចំនួន ៧ខែ ក្នុងឆ្នាំ២០២១ របស់ឯកឧត្តម ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកប្រើប្រាស់ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
កាលពីយប់ថ្ងៃទី៧ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមថវិការបស់រាជរដ្ឋាភិបាល ដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ចំនួន ១លានដូស ក្នុងជំហានដំបូង ដែលអាចចាក់បាន ៥០ម៉ឺននាក់។ ក្នុងគម្រោង សម្តេច បញ្ជាឲ្យទិញ ២ ទៅ ៣លានដូស ហើយបើតម្រូវការចាក់វ៉ាក់សាំង នៅកម្ពុជាយើង អាចដល់ ១០លាននាក់។
ជាអាទិភាព សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គ្រូពេទ្យ ត្រូវទទួលបានមុនគេ បន្ទាប់មកគ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធ មន្ត្រីយុត្តិធម៌ តុលាការ មេធាវី និស្សិត និងអ្នករៀនវិជ្ជាជីវៈ។ ពោលគឺអ្នកធ្វើការនៅទីកន្លែងមានហានិភ័យខ្ពស់ និងអ្នកមានហានិភ័យខ្ពស់ ដែលសំដៅលើចាស់ជរា។
រហូតដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាពីសប្បុរសជនសរុបជាង ១៨លានដុល្លារអាមេរិកហើយ។ សម្តេច ក៏បានប្រកាសពីការចូលរួមរបស់សប្បុរសជន តាមរយៈគឺ ១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961 971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។ ២.តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy»។
សម្តេចតេជោ បានចាត់ទុកចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា សម្រាប់ទិញវ៉ាក់សាំងនេះ ថាជា «ខឿនការពារសុខភាពរបស់ប្រជាជន» បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជន នាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១»៕



