(ភ្នំពេញ)៖ ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងប្រាប់ទៅក្រុមអតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ដែលគ្រោងវិលត្រឡប់មកកម្ពុជានៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ថា មិនមានការបិទប្រទេសទេ និងសូមអញ្ជើញអ្នកក្លាហានចូលស្រុក!។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ឯកឧត្ដម ជិន ម៉ាលីន បានសរសេរបញ្ជាក់៣ចំណុចទៅកាន់ក្រុមអតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សប្រឆាំងនៅក្រៅស្រុកយ៉ាងដូច្នេះ៖
ទី១. សម្តេចប្រកាសហើយថាមិនមានការបិទប្រទេសទេ ដូច្នេះ អ្នកណាចង់ចូលក៏ចូលមក បើមិនចូលទេក៏ហីទៅ ព្រោះពេលចេញ អត់មានអ្នកណាបណ្តេញចេញទេ គឺរត់ចេញដោយខ្លួនឯង។
ទី២. បើចូលមក អ្នកដែលជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ត្រូវទទួលខុសត្រូវនិងប្រឈមមុខតាមផ្លូវច្បាប់ រីឯអ្នកមិនពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល។
ទី៣. គម្រោងនៃការញុះញង់ប្រមូលផ្តុំសកម្មជននិងអ្នកគាំទ្រខ្លួនឱ្យមកជួបជុំគ្នាចាំទទួលនិងការពារក្រុមខ្លួនតតាំងជាមួយសមត្ថកិច្ច គឺជាផែនការខុសច្បាប់ និងបំពានលើវិធានការសុខភាពសាធារណៈរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងខូវីដ១៩ចូលក្នុងសហគមន៍ ហើយអ្នកដែលចូលរួមអនុវត្តនិងគាំទ្រផែនការខុសច្បាប់នេះ នឹងអាចប្រឈមមុខនិងទទួលខុសត្រូវតាមផ្លូវច្បាប់ជាយថាហេតុណាមួយបាន៕



