(ពោធិ៍សាត់)៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានជំរុញដល់ប្រជាកសិករឲ្យបង្កើនការដាំដុះបន្លែសុវត្ថិភាព និងចិញ្ចឹមសត្វ សម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលបន្លែ ត្រី សាច់ពីក្រៅប្រទេស ដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាពិសេសដើម្បីទប់ទល់នឹងស្ថានភាពកូវីដ-១៩នាពេលបច្ចុប្បន្ន។
ឯកឧត្តមបានជំរុញបែបនេះ ក្នុងឱកាសចុះពិនិត្យការងារបង្កបង្កើនផលដំណាំសរីរាង្គ និងការងារចិញ្ចឹមសត្វ (ត្រីអណ្តែង, កង្កែប, មាន់ និងក្រួច) របស់បងប្អូនប្រជាកសិករ ក្នុងភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់, ភូមិដំណាក់ធ្លុង ឃុំខ្នារទទឹង និងភូមិព្រះម្លូរ ឃុំបឹងខ្នារ ស្រុកបាកាន ដោយបានការចូលរួម ពីលោកនាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត មន្ត្រីជំនាញ និងអាជ្ញាធរស្រុក ឃុំផ្សេងទៀត។
បន្ទាប់មកទៀតឯកឧត្តម ម៉ៅ ធនិន ក៏បានបន្តចុះពិនិត្យមើលស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវ ដំណាក់កាលទី២របស់ប្រជាកសិករ នៅតាមប្រឡាយមេដំណាក់អំពិល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ជុំវិញការផ្សព្វផ្សាយ និងជំរុញឲ្យប្រជាកសិករ បន្តការងារដាំដុះ នូវដំណាក់កាលទី៣បន្ថែមទៀត៕




