(ភ្នំពេញ)៖ កាសែតអន្តរជាតិធំៗ នៅលើពិភពលោក បានចាប់អារម្មណ៍ ចុះផ្សាយព្រោងព្រាតពីដំរី ឈ្មោះ Kaavan ដែលត្រូវបានបញ្ជូនមកពីប្រទេសប៉ាគីស្ថាន ឲ្យមករស់នៅកម្ពុជា។ ដំរី Kaavan ដែលរស់នៅឯកោតែឯង នៅប្រទេសប៉ាគីស្ថាន ត្រូវបានដឹកតាមយន្តហោះពិសេស មកដល់អាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកានេះ ហើយត្រូវបានបញ្ជូនទៅរស់នៅក្នុងដែនជម្រកសត្វព្រៃ គូលែន ព្រហ្មទេព ក្នុងខេត្តឧត្តរមានជ័យ។
ការមកដល់កម្ពុជារបស់ដំរីឈ្មោះ ដែលមានអាយុ ៣៦ឆ្នាំ ដែលជាអំណោយរបស់រដ្ឋាភិបាលស្រីលង្កា ជូនដល់ប៉ាគីស្ថាន នៅឆ្នាំ១៩៨៥ ត្រូវបានកាសែតបរទេសល្បីៗជាច្រើន បានចុះផ្សាយ។
គ្រាន់តែចេញដំណើរពីប៉ាគីស្ថាន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ abc news របស់អូស្ត្រាលី បានចុះផ្សាយពីការត្រៀមខ្លួនរបស់ Kaavan ដើម្បីចេញដំណើរមកកាន់ដែនជម្រកសត្វព្រៃ នៅកម្ពុជា ដើម្បីរស់នៅជាមួយនឹងដំរីកម្ពុជាជាច្រើនទៀត។
South China Morning Post ដាក់ចំណងជើងថា Kaavan ដែលជាដំរីឯកាបំផុតលើលោក បានមករស់នៅផ្ទះថ្មីដ៏មានសុភមង្គល នៅកម្ពុជា។
នៅពេលមកដល់កម្ពុជាភ្លាម នៅថ្ងៃទី៣០វិច្ឆិកានេះ កាសែត The Guardian របស់អង់គ្លេស ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិក កាសែត Bangkok Post របស់ថៃ ទូរទស្សន៍ DW របស់អាល្លឺម៉ង់ និងទូរទស្សន៍ BBC របស់អង់គ្លេស ជាដើម សុទ្ធតែបានចេញផ្សាយពីដំរី Kaavan៕



