(កូរ៉េ)៖ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងនៅថ្ងៃទី១ ខែធ្នូនេះថា ឯកឧត្តម និងប្រតិភូស្ថានទូតកម្ពុជា បានទទួលស្វាគមន៍ពីលោកអភិបាលក្រុងស៊ូវ៉ុន Yeom Tae-young ដោយស្មោះអស់ពីចិត្ត ព្រមទាំងបានប្រគល់អំណោយជារថយន្តដឹកសំរាម ១គ្រឿង ព្រមទាំងម៉ាសចំនួន ៣ម៉ឺន ជូនសាលាខេត្តសៀមរាបដែលជាខេត្តសម្ព័ន្ធមេត្រីភាពជាមួយស៊ូវ៉ុន។
បើតាមឯកឧត្តម ឡុង ឌីម៉ង់ លោកអភិបាលក្រុងបានលើកឡើងថា កម្ពុជាតូចមែន ប៉ុន្តែពិតជាមានបេះដូងដ៏ធំអស្ចារ្យ ដោយទីក្រុងស៊ូវ៉ុនធ្លាប់បានទទួលនូវអំណោយម៉ាសចំនួន ២ម៉ឺន កាលពីអំឡុងនៃការផ្ទុះជំងឺរាតត្បាតកូវីត១៩ ដំបូងកាលពីអំឡុងខែមីនាកន្លងមកនេះ ពីខេត្តសៀមរាបកម្ពុជា។ គាត់ (លោកអភិបាលក្រុង) បានអះអាងថា អំពើល្អជាសប្បុរសរបស់ប្រជាជនកម្ពុជាចំពោះប្រជាជនទីក្រុងស៊ូវ៉ុន ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន និងត្រូវបានចងចាំទុកក្នុងក្រអៅបេះដូង ដែលនេះហើយជាមិត្តល្អក្នុងគ្រាលំបាក។
ឯកឧត្តម ឡុង ឌីម៉ង់ បានបន្តថា ក្រោយពីជំងឺរាតត្បាតសកលនេះសាបរលាបផុតទៅ ទីក្រុងស៊ូវ៉ុននឹងចាប់ផ្ដើមបន្តកិច្ចសហប្រតិបត្តិការជាមួយខេត្តសៀមរាប លើការអភិវឌ្ឍន៍ទីក្រុងវៃឆ្លាត Smart city លើវិស័យអប់រំ សង្គមកិច្ច វប្បធម៌ សាសនា ដោយសមនស្សរីករាយបំផុត។
អាស្រ័យដូចនេះហើយបានជាលោកអភិបាលក្រុងស៊ូវ៉ុន បានរៀបចំទស្សនកិច្ចសិក្សាជូនប្រតិភូស្ថានទូតកម្ពុជាឲ្យបានពិនិត្យនៅមជ្ឈមណ្ឌលគ្រប់គ្រងសន្តិសុខ-សុវត្ថិភាព ដែលសាលាក្រុងគ្រប់គ្រងបានយ៉ាងណែននូវទិន្នន័យក៏ដូចជារូបភាពនៅតាមដងផ្លូវ ទីសាធារណៈនានា សំដៅផ្ដល់ឲ្យប្រជាជននៅក្រុងស៊ូវ៉ុនរស់នៅ ធ្វើការ រកទទួលទាន រៀនសូត្រ ប្រកបដោយផាសុកភាពគួរឱ្យចង់រស់នៅ។
សូមជម្រាបថា ប្រជាពលរដ្ឋខ្មែរដែលរស់នៅធ្វើការរៀនសូត្រនៅស៊ូវ៉ុន ព្រមទាំងតំបន់មួយចំនួនក្បែរខាងនោះមានចំនួនប្រមាណជា ១ម៉ឺន៥ពាន់នាក់។ ទីក្រុងស៊ូវ៉ុន ជាទីរួមខេត្តខ្យងគីដូ ដែលជាខេត្តព័ទ្ធជុំវិញរដ្ឋធានីសេអ៊ូលដូចជា ខេត្តកណ្ដាលរបស់កម្ពុជាអញ្ចឹងដែរ និងមានប្រជាជនចំនួន ១,៣០០,០០០នាក់៕




