សម្តេច​ក្រឡាហោម ស ខេង សម្រេច​បិទ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ហើយ​តម្រូវ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​ក្រសួងមហាផ្ទៃ ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ​!​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(​ភ្នំពេញ​)៖ បន្ទាប់ពី​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើក​ទី​១ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​រួចមក នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក បានចេញ​បទបញ្ជា​ផ្ទាល់មាត់ ដល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់​របស់​ក្រសួងមហាផ្ទៃ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល ដោយ​មិនត្រូវ​ចេញ​ក្រៅ​ផ្ទះ​ឡើយ​។ សម្តេច​ក្រឡាហោម ស ខេង ក៏បាន​សម្រេច​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ នៅក្នុងបរិវេណក្រសួងមហាផ្ទៃ ក្នុងអំឡុងពេល​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នេះ​​​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​លើកឡើងថា «​ជាថ្មី​ម្តងទៀត ខ្ញុំ​សូម​រម្លឹក​ថ្នាក់ដឹកនាំ ចាប់ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អី​ទាំង​អស់ហ្នឹង​! អ្នក​ដែល​បាន​យក​សំណាក​ទៅពិនិត្យ ទោះបីថា លទ្ធផល​វា​អវិជ្ជមាន​ក្តី អត់​មានអី​ក៏ដោយ គឺថា មិនត្រូវ​ចេញដំណើរ​រហេតរហូត ឬក៏​ថា បាច​ហាច​ទៅ​គុយទាវ​កន្លែង​នេះ ទៅ​គុយទាវ​កន្លែង​នោះ ហាង​កន្លែង​នេះ ហាង​កន្លែង​នោះ ទៅ​ទិញ​កន្លែង​នេះ ទៅ​ទិញ​កន្លែង​នោះទេ​។ អាហ្នឹង វា​បញ្ហា​ម្យ៉ាង​ខ្លួន​យើង​ផ្ទាល់​។ ប៉ុន្តែ​ត្រូវ​គិតដល់​ប្រជាជន​ផង​!»​។​

​សម្តេច​ក្រឡាហោម ស ខេង ក៏បាន​បញ្ជា​ទៅ​ឯកឧត្តម សក់ សេដ្ឋា និង​ឯកឧត្តម ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ សរសេរ​លិខិត ជា​បទបញ្ជា​មួយ ជូន​សម្តេច​ក្រឡាហោម​ផ្ទាល់ ដើម្បី​ចុះហត្ថលេខា​លើ​បទបញ្ជា​នេះ ដោយ​ទី​១ ក្រសួងមហាផ្ទៃ ត្រូវ​បិទ​កន្លែងធ្វើការ​របស់​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ ហើយ​ទី​២ មន្ត្រី​ត្រូវបាន​យក​សំណាក​ទៅពិនិត្យ ទោះបី​ជាមាន​លទ្ធផល​អ​វិជ្ជមាន​ក៏ដោយ គឺ​ត្រូវគោរព​តាម​ពេទ្យ ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​មិនត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​ទេ។

សូមរម្លឹកថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា​នេះ ក្រសួងសុខាភិបាល បានប្រកាសថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ៨​នាក់​ទៀត ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​២៨​វិច្ឆិកា​។ កាលពី​ថ្ងៃទី​២៩​វិច្ឆិកា​ម្សិលមិញ ក្រសួងសុខាភិបាល បានធ្វើ​តេស្ត​អ្នក​ប៉ះពាល់ បាន​ចំនួន ៣៣៣២​នាក់ ( នៅ​ភ្នំពេញ និង​ខេត្ត​ចំនួន ៧ ) តែ​ការវិភាគ​អាចធ្វើ​បានតែ ២២៨៨​សំណាក់ ( គិត​ត្រឹម​ម៉ោង ១:៣០ នាទី​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ )​។​

​ក្រសួងសុខាភិបាល បានប្រកាសថា អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ១៤​នាក់ ( ដោយ​គិត​ទាំង​អ្នក ដែល​បាន​រាយការណ៍ ចំនួន ៦​នាក់ នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ និង​អ្នក​រកឃើញ​ថ្មី ចំនួន ៨​នាក់ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២០ )។

ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សំដៅលើ​ករណ៍ក្រុមគ្រួសារអគ្គនាយក​ពន្ធនាគារ ឆ្លងជំងឺកូវីដ១៩ ដែលដំបូង​ភរិយារបស់ឯកឧត្តមអគ្គនាយកពន្ធនាគារ ត្រូវបានរកឃើញឆ្លងជំងឺកូវីដ១៩ មុនគេ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០៕

អត្ថបទដែលជាប់ទាក់ទង
សំណួរ ចាក់ដោត ដែលបុរសៗ ពិបាកឆ្លើយ
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា ការធ្វើ​ច​ត្តា​ឡី​ស័ក តែ​រយៈពេល ១៤​ថ្ងៃ​ទេ តែ​សម្តេច​សម្រេច​ផ្តល់​សាច់ប្រាក់​ដល់​ទៅ ១៥​ថ្ងៃ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​តែប៉ុណ្ណោះ​
ព័ត៌មានជាតិ
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ផ្អាក​ការជួបប្រជុំ រាប់ទាំង​ការរៀប​អាពាហ៍ពិពាហ៍ រយៈពេល ១៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១ ខែធ្នូ​
ព័ត៌មានជាតិ
លោក Joe Biden តែងតាំងក្រុមការងារផ្នែកទំនាក់ទំនងនៃសេតវិមានសុទ្ធតែជាស្ត្រី
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ សំណួរខ្លះដែល ពេទ្យសួររកមូលហេតុនៃការឆ្លងកូវីដ១៩ គឺបុរសខ្លះពិបាកឆ្លើយ!
ព័ត៌មានជាតិ
TOP NEWS: តំណាងរាស្ត្រខ្មែរម្នាក់ រើលាប់ជំងឺកូវីដ១៩ឡើងវិញ
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី