(ភ្នំពេញ)៖ ជាវិធានការ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាថ្មីផ្ទាល់មាត់ ឲ្យផ្អាករាល់ការជួបប្រជុំនានា រាប់ទាំងការរៀបអាពាហ៍ពិពាហ៍ នៅភ្នំពេញ និងនៅខេត្តសៀមរាប រយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី១ ខែធ្នូ។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បើចាំបាច់ ជៀសវាងមិនបាន ការជួបប្រជុំ ត្រូវមានអ្នកចូលរួម មិនលើសពី ២០នាក់ ហើយត្រូវរក្សាគម្លាតសុវត្ថិភាព។ ក្នុងនោះ ការធ្វើដំណើរតាមផ្លូវ មិនត្រូវបានហាមឃាត់ទេ តែសុំកុំឲ្យកកស្ទះតាមភ្លើងស្តុប ហើយកាត់បន្ថយការធ្វើដំណើរចេញក្រៅផ្ទះ។ បើមិនធ្វើដូច្នោះទេ នឹងយឺតពេល។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្រសួងអប់រំ ក៏ត្រូវចាត់វិធានការបន្ទាន់ ទាក់ទងនឹងការបិទសាលារៀន។ ក្នុងនោះ សិស្សរៀនបន្ត ដើម្បីត្រៀមប្រឡងបាក់ឌុប នៅថ្នាក់ទី១២ ក៏ត្រូវផ្អាកសិន។ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ត្រូវផ្អាកសិនដូចគ្នាដែរ៕



