(ខេត្តកំពង់ឆ្នាំង)៖ មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានប្រាកសថា គិតដល់ម៉ោង ១០ និង ៣០នាទី ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ចំនួនអ្នកពុលស្រាស មានសារធាតុ មេតាណុល មានចំនួន ១០១នាក់ ( ស្រី ៥នាក់ ) ក្នុងនោះ ស្លាប់ ៤នាក់ ( ២នាក់ ស្លាប់ពេលបញ្ជូនទៅពេទ្យ និង ២នាក់ ស្លាប់នៅផ្ទះ )។
មន្ទីរសុខាភិបាល បានប្រកាសថា អ្នកពុលស្រាស ដែលកំពុងសម្រាកក្នុងមន្ទីរពេទ្យ មានចំនួន ៩៩នាក់ ( ស្រី ៥នាក់ ) និងមានសភាពធ្ងន់ធ្ងរ ចំនួន ៣នាក់ ( ស្រី ម្នាក់ )។ ក្នុងនោះ ក៏មានអ្នកពុលស្រាស ដែលមានសភាពធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ រួមមាន ថ្ងៃទី២៨វិច្ឆិកា ចំនួន ៤នាក់ ( ស្រីម្នាក់ ) និងបញ្ជូនទៅភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២នាក់ ( ស្រីម្នាក់ )។
មន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានសន្និដ្ឋាន ជាជំហានដំបូងថា អ្នកជំងឺ មានបញ្ហាសង្ស័យពុលទឹក និងពុលស្រានេះ អាចជាករណីជាប់ទាក់ទងគ្នាតែមួយ ( ការផឹកស្រា និងមានការបរិភោគទឹក )។
សូមរម្លឹកថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីសង្ស័យពុលស្រាស បានកើតឡើង ក្នុងចំណោមអ្នក ដែលបានធូរស្រាលពីហេតុការណ៍សង្ស័យពុល ដោយសារថ្នាំបាញ់ នៅចំការឪឡឹក នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា អ្នក ដែលបានធូរស្រាលពីហេតុការណ៍សង្ស័យពុល ដោយសារថ្នាំបាញ់ នៅចំការឪឡឹក នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៨ ខែវិច្ឆិកា បានទៅចូលរួមពិធីបុណ្យសពអ្នក ដែលបានស្លាប់ម្នាក់ ពីហេតុការណ៍សង្ស័យពុលថ្នាំបាញ់ឪឡឹក។ ករណីសង្ស័យពុលស្រាស កាលពីថ្ងៃទី២៨វិច្ឆិកា បានបណ្តាលឲ្យមានស្លាប់ម្នាក់។
សូមរម្លឹកថា ករណីអ្នកសង្ស័យពុល ដោយសារថ្នាំបាញ់ នៅចំការឪឡឹក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានជនរងគ្រោះចំនួន ១៣នាក់ ( ស្រី ៨នាក់ និងប្រុស ៥នាក់ ) ដែលមានអាយុពី ៤ឆ្នាំ ដល់ ៥៣ឆ្នាំ ដោយមានស្លាប់ចំនួន ២នាក់ ( ស្រីទាំងពីរនាក់ ) និងអ្នកសម្រាកនៅសង្គ្រោះបន្ទាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ចំនួន ១០នាក់ ក្នុងនោះ មានបុរស ម្នាក់ មានសភាពធ្ងន់៕




