TOP NEWS: សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យបង្កើនការយកចិត្តទុកដាក់លើបញ្ហាកូវីដដែលកំពុងឆ្លងក្នុងសហគមន៍ ហើយផ្តល់សិទ្ធិឲ្យរដ្ឋមន្ត្រីបិទកន្លែងខ្លះ និងអំពាវនាវអ្នកពាក់ព័ន្ធ មកធ្វើតេស្តនិងធ្វើចត្តាឡីស័ក​
SWIFT NEWS ថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០ ០០:០០ ព្រឹក

(ភ្នំពេញ)៖ ក្នុងសារជាសំឡេងថ្មីមួយទៀតជូនជនរួមជាតិ នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកានេះ ដែល Swift News ទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីរកឃើញភរិយារបស់អគ្គនាយកពន្ធនាគារ ឆ្លងជំងឺកូវីដ១៩ រួចមក មកដល់ពេលនេះ យើងបានរកឃើញអ្នកឆ្លង ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ និងក្រុមគ្រួសារអគ្គនាយកពន្ធនាគារ ចំនួន ៨នាក់។ បើកូនស្រីរបស់អគ្គនាយកពន្ធនាគារ នៅសៀមរាប ឃើញវិជ្ជមានទៀត នោះនឹងឡើងដល់ ៩នាក់។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ករណីនេះ ជាករណីធ្ងន់ធ្ងរមួយ ដែលចាប់ផ្តើមឆ្លងពីសហគមន៍តែម្តង ដែលយើងមិនដឹងថា ជំងឺនេះវាចេញមកពីទីណាពិតប្រាកដ ហើយឆ្លងចេញពីសៀមរាប ឬឆ្លងចេញពីភ្នំពេញ មកកាន់ខេត្តសៀមរាប?

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកពាក់ព័ន្ធ សូមមកធ្វើតេស្តរកមេរោគកូវីដ១៩ និងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក ឬធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ ឲ្យបានត្រឹមត្រូវ តាមការកំណត់របស់ក្រសួងសុខាភិបាល រយៈពេល១៤ថ្ងៃ។ នេះជាបញ្ហាធ្ងន់ធ្ងរណាស់ សម្រាប់យើង ក្នុងរយៈពេល១១ខែ ដែលយើងបានឆ្លងកាត់ តាំងពីដើមឆ្នាំនេះ។

សម្តេចតេជោ ហ៊ុន សែន ក្រោយពីបានជួបពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង រួចមក សម្តេចសុំឲ្យសម្តេចក្រឡាហោម បិទផ្នែកណាមួយរបស់ក្រសួងមហាផ្ទៃ ហើយអនុញ្ញាតឲ្យមន្ត្រី អាចធ្វើការពីផ្ទះ។ ការអនុញ្ញាតបែបនេះ ក៏ត្រូវធ្វើតាមក្រសួងផ្សេងទៀត ដោយរដ្ឋមន្ត្រី អាចបិទផ្នែកណាមួយ ឬបិទក្រសួងទាំងស្រុងតែម្តង ដោយសារក្រសួងខ្លះ ពាក់ព័ន្ធរដ្ឋមន្ត្រីដែរ ហើយឲ្យមន្ត្រីធ្វើការពីផ្ទះ។

រដ្ឋមន្ត្រីដែលពាក់ព័ន្ធករណីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងថា មានសម្តេចក្រឡាហោម ស ខេង ដែលត្រូវដាក់ឲ្យនៅដាច់ដោយឡែក រួមទាំងអ្នកផ្ទះសរុបជាង៩០នាក់។ រដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីទេសចរ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ និងមានរដ្ឋលេខាធិការ ព្រមទាំងមន្ត្រីមួយចំនួនផ្សេងទៀត ដែលមានការពាក់ព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវជាថ្មីឲ្យមន្ត្រី និងប្រជាពលរដ្ឋ ស្ម័គ្រចិត្ត ចូលមកធ្វើតេស្ត និងធ្វើចត្តាឡីស័ក ព្រោះនេះជាវិធីតែមួយគត់ ដែលអាចសង្គ្រោះសាមីខ្លួន មិនឲ្យឆ្លង ហើយមិនយកកូវីដ ទៅចម្លងអ្នកដទៃ។

សម្រាប់សម្តេច នៅតែបន្តកម្មវិធីបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ និងកែលម្អស្ទឹងសៀមរាប នៅទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី៣០វិច្ឆិកាស្អែកនេះ ដោយបញ្ចុះចំនួនមនុស្ស ពី១៥០០នាក់ មកនៅត្រឹម១០០នាក់ ហើយគ្រាន់តែធ្វើជានិមិត្តរូបប៉ុណ្ណោះ។ សម្តេចក៏ប្រញាប់វិលត្រឡប់មកភ្នំពេញវិញផងដែរ នៅព្រឹកថ្ងៃចន្ទស្អែកនេះ។

ក្នុងករណីមន្ត្រីពាក់ព័ន្ធ ឬប្រជាពលរដ្ឋ មិនមានផ្ទះសម្បែង ដើម្បីធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ សម្តេចតេជោ បានណែនាំដល់អភិបាលរាជធានីខេត្ត សហការជាមួយក្រសួងសុខាភិបាល រកទីកន្លែង ឬជួលសណ្ឋាគារ ធ្វើជាមណ្ឌលចត្តាឡីស័ក។ ទាំងការធ្វើតេស្ត និងស្នាក់នៅធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃនេះ គឺមិនគិតថ្លៃអ្វីទាំងអស់។ 

សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវជាថ្មី ឲ្យប្រជាពលរដ្ឋយើង ងើបឈរឡើង ដើម្បីប្រឆាំងកូវីដ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា នៅថ្ងៃទី២៩វិច្ឆិកានេះ ការធ្វើតេស្តអ្នកពាក់ព័ន្ធករណីក្រុមគ្រួសារអគ្គនាយកពន្ធនាគារ បានជាង ៣០០០នាក់។ នៅថ្ងៃស្អែក នឹងបន្តនៅអ៊ីអន១ ប្រមាណ ១០០០នាក់ទៀត និងនៅក្រសួងមហាផ្ទៃ។ ប៉ុន្តែនៅខេត្តមួយចំនួន ដូចជា នៅបាត់ដំបង និងនៅខេត្តសៀមរាប បានតិចតួចនៅឡើយ។ នៅបាត់ដំបង ដែលរដ្ឋមន្ត្រីយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ ទៅស៊ីការ ទើបបាន ៦នាក់ ហើយនៅខេត្តសៀមរាប ទើបធ្វើតេស្តបានជាង ៤០នាក់។ ដូច្នេះសម្តេច អំពាវនាវឲ្យអាជ្ញាធរខេត្តបាត់ដំបង និងខេត្តសៀមរាប ព្រមទាំងខេត្តពាក់ព័ន្ធដទៃ បន្តសកម្មភាព ស្រាវជ្រាវរកអ្នកពាក់ព័ន្ធ ព្រមទាំងអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលជាអ្នកពាក់ព័ន្ធ ចូលមកធ្វើតេស្តឲ្យបានគ្រប់ៗគ្នា៕

អត្ថបទដែលជាប់ទាក់ទង
TOP NEWS: ដំណឹងរីករាយ! លទ្ធផលធ្វើតេស្តឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គឺ «អវិជ្ជមាន»
ព័ត៌មានជាតិ
TOP NEWS: ដំណឹងរីករាយ! ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ប្រចាំការក្រសួងមហាផ្ទៃ ចេញលទ្ធផលតេស្ត...!?
ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសឲ្យសាលារៀនរដ្ឋទាំងអស់ វ៉ាកងធំ ចាប់ពីថ្ងៃទី៣០វិច្ឆិកា តែការប្រឡងឌីប្លូម និងបាក់ឌុប នៅបន្តដដែល
ព័ត៌មានជាតិ
TOP NEWS: ស្លាប់៥នាក់ និងអ្នកជំងឺកើនឡើងដល់១១៥នាក់ ក្នុង ករណីសង្ស័យពុលស្រាស នៅខេត្តកំពង់ឆ្នាំង
ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាឯកជន ជាបណ្តោះអាសន្ន រយៈពេល ២សប្តាហ៍
ព័ត៌មានជាតិ
សារមួយឃ្លារបស់គ្រូពេទ្យម្នាក់ពីការ ប្រយុទ្ធនឹងជំងឺកូវីដ១៩នៅកម្ពុជា អានហើយក្តុកក្តួល!
ព័ត៌មានជាតិ
បណ្តាញសង្គម

ទំនាក់ទំនង

#6, Street 272, 120409, Phnom Penh, Cambodia.

089 383 888 / 085 565 557

info@swiftnewsdaily.com | info.swiftnews@gmail.com

ភ្ជាប់ជាមួយយើង

ទាញយកកម្មវិធី