(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប នាព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ស្អែកនេះ។ កម្មវិធីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកពេលម្តងមកហើយ ដោយសារតែមានព្រឹត្តិការណ៍៣វិច្ឆិកា ដែលផ្ទុះកូវីដ១៩ ឆ្លងពីរដ្ឋមន្ត្រីការបរទេសហុងគ្រី។ បន្ទាប់ពីព្រឹត្តិការណ៍៣វិច្ឆិកាបានបិទបញ្ចប់ សម្តេចតេជោ ហ៊ុន សែន បានដាក់កម្មវិធីជាថ្មីនៅស្អែកនេះ ហើយទោះបីចៃដន្យមានព្រឹត្តិការណ៍កូវីដថ្មី សម្តេចមិនលុបកម្មវិធីនេះទេ ដោយបន្តធ្វើតាមបែបគន្លងថ្មី។
សម្រាប់អ្នកសារព័ត៌មាន ក៏ដូចជាសាធារណៈជន មានការរំពឹងទុកថា សម្តេចតេជោ ហ៊ុន សែន នឹងមានសារសំខាន់ៗជូនជនរួមជាតិ ទាំងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប នៃកម្ពុជា ក៏ដូចជាវិធានការនានាជុំវិញបញ្ហាកូវីដ១៩ និងភាពចាំបាច់ដទៃទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានបញ្ជាក់ឲ្យដឹងពីការសម្រេចបញ្ចេញកញ្ចប់ថវិកាសន្សំរវាងពី១០០លានដុល្លារ អាមេរិកទៅ ១៥០លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ មានប្រវែងសរុប ១០៨.៧៤គីឡូម៉ែត្រ នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ជាទឹកដីដ៏អច្ឆរិយៈ និងទេសចរណ៍វប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ ការកសាងហេដ្ឋារចនាសម្ព័ន្ធខេត្តសៀមរាប គឺបានធ្វើឡើងបន្ទាប់ពីខេត្តព្រះសីហនុ ដែលជាប៉ូលទេសចរណ៍មាត់សមុទ្រដ៏សំខាន់របស់កម្ពុជា៕




