(មណ្ឌលគិរី)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។ ការលើកឡើងរបស់សម្ដេចក្រឡាហោម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធនៅសាលាខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ។
កិច្ចប្រជុំស្ដីពីការពង្រឹងការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តមណ្ឌលគិរីនាថ្ងៃនេះ រៀបចំឡើងដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង៤ផ្សេងទៀត រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងបរិស្ថាន, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងយុត្តិធម៌។
សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថាដោយសារមានការជាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិ នៅក្នុងកិច្ចប្រជុំនេះដែរ សម្ដេចបានអនុញ្ញាតឱ្យអញ្ជើញថ្នាក់ដឹកនាំរដ្ឋបាលខេត្តពាក់ព័ន្ធផ្សេងទៀត ដូចជាខេត្តរតនគិរី, ក្រចេះ, ស្ទឹងត្រែង, ព្រះវិហារ និងកំពង់ធំ ព្រមទាំងបណ្ដាប្រធានមន្ទីរពាក់ព័ន្ធនៃខេត្តទាំងនោះផងដែរ ក្នុងន័យរួមគ្នាដើម្បីពង្រឹងតួនាទី និងភារកិច្ចរដ្ឋបាលខេត្តក្នុងការគ្រប់គ្រងដីធ្លី ព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថាន។
សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តមណ្ឌលគិរី និងបណ្ដាខេត្តនានាដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី ព្រៃឈើ និងបរិស្ថាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ប៉ុន្តែជាមួយគ្នានេះ សម្ដេចបានសង្កត់ធ្ងន់ថា ព្រៃឈើ ដីធ្លី ធនធានធម្មជាតិ និងតំបន់ការពារនានាមួយចំនួនទៀត នៅតែបន្តទទួលរងការកាប់បំផ្លាញ ការន្ទ្រានកាន់កាប់ពីមួយឆ្នាំទៅមួយឆ្នាំគួរឱ្យព្រួយបារម្ភ។
សម្ដេចបានបន្តថា ជាក់ស្ដែងនៅខេត្តមណ្ឌលគិរីដែលស្ដុកស្ដម្ភដោយធនធានធម្មជាតិ និងទេសភាពដ៏ស្រស់ត្រកាលនេះក៏ត្រូវបានក្រសួងបរិស្ថានរកឃើញថា បានទទួលរងការបំផ្លិចបំផ្លាញក្រោមរូបភាពនានា ហើយដើម្បីដោះស្រាយបញ្ហានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃសម្របសម្រួលជាមួយក្រសួងពាក់ព័ន្ធដើម្បីពិនិត្យស្រាវជ្រាវករណីនេះ រហូតឈានទៅចាត់វិធានការលើមន្រ្តីមួយចំនួនស្របតាមច្បាប់ ខណៈករណីពាក់ព័ន្ធមួយចំនួនទៀតក៏កំពុងស្ថិតក្នុងសមត្ថកិច្ចតុលាការ។
ពាក់ព័ន្ធនឹងមន្រ្តីដែលប្រឈមមុខនឹងបញ្ហាដែលបានកើតឡើងនោះ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថាមន្រ្តីទាំងនោះ មានពីរប្រភេទ គឺមន្រ្តីមុខងារសាធារណៈ និងមន្រ្តីជាប់ឆ្នោត។ សម្ដេចបានមានប្រសាសន៍ថាមន្រ្តីជាប់ឆ្នោត ដូចជាក្រុមប្រឹក្សាឃុំ ឬសមាជិកសភាថ្វីដ្បិតថាមិនបានដកចេញពីតួនាទីដូចមន្រ្តីមុខងារសាធារណៈ ប៉ុន្តែមន្រ្តីទាំងនោះក៏បានទទួលការពិន័យតាមនីតិវិធីច្បាប់ដែរ៕




