(ខេត្តកណ្តាល)៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសសូមអភ័យទោសដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ថា ដោយសារតែបញ្ហាកូវីដ១៩ រាជរដ្ឋាភិបាល មិនបានដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២១ ទេ។ ក៏ប៉ុន្តែប្រាក់ឧបត្ថម្ភ ដែលធ្លាប់ទទួលបានកន្លងមក ដូចជា នៅបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ គឺរាជរដ្ឋាភិបាល នៅបន្តផ្តល់ជូនជាធម្មតា។
ជាមួយនឹងប្រសាសន៍ដូច្នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់បន្ថែមថា នៅឆ្នាំ២០២១ ប្រាក់ខែរបស់អតីតយុទ្ធជន និងអ្នកចូលនិវត្តមុនៗ នៅបន្តដំឡើង ដើម្បីឲ្យបានស្មើនឹងអ្នកចូលនិវត្ត នាពេលថ្មីៗនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដូច្នេះ ក្នុងពេលសម្តេច អញ្ជើញសម្ពោធមជ្ឈមណ្ឌលកម្សាន្ត ខ្នាតយក្សដំបូង នៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃពុធ ទី០៧ ខែតុលា ឆ្នាំ២០២០។ ពិធីសម្ពោធ នាព្រឹកនេះ បានធ្វើឡើង ក្រោមដំណក់ទឹកភ្លៀង៕




