(ភ្នំពេញ)៖ រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្តល់ជំនួយ ចំនួន ១លានដុល្លារអូស្ត្រាលី ដើម្បីពង្រឹងមន្ទីរពិសោធន៍ជាតិត្រួតពិនិត្យឱសថរបស់កម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ជំនួយនេះ នឹងត្រូវផ្តល់តាមរយៈអង្គការក្រៅរដ្ឋាភិបាលជំនាញ ដែលមានឈ្មោះថា United States Pharmacopeia សម្រាប់រយៈពេល ២ឆ្នាំ ( ២០២០-២០២២ )។
សេចក្តីប្រកាស លើកឡើងថា ជំនួយរបស់ប្រទេសអូស្ត្រាលី នឹងជួយមន្ទីរពិសោធន៍ជាតិគ្រប់គ្រងគុណភាព នៃផលិតផលវេជ្ជសាស្ត្ររបស់កម្ពុជា លើកកម្ពស់ប្រព័ន្ធគ្រប់គ្រងគុណភាពរបស់កម្ពុជា យុទ្ធសាស្ត្រ និងផែនការប្រតិបត្តិការមន្ទីរពិសោធន៍ជាតិ ព្រមទាំងបង្កើនការធ្វើតេស្ត និងរាយការណ៍ អំពីផលិតផលវេជ្ជសាស្ត្រក្លែងក្លាយ និងអន់គុណភាព។



