(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថាមានអ្នកព័ត៌មានសុំចូលគណបក្សប្រជាជន ដើម្បីរួចពីការចោទប្រកាន់តាមផ្លូវតុលាការ ប៉ុន្តែរឿងក្តីក្តាំមិនអាចយកមកដោះដូរជាមួយការចូលជាមួយគណបក្សប្រជាជនកម្ពុជានោះទេ ហើយមន្ត្រីគណបក្សប្រជាជនជាច្រើន ក៏បានជាប់ពន្ធនាគារផងដែរ។
សម្តេចបានមានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ ដែលពិធីសំណេះសំណាលនេះធ្វេីឡើងនៅវិមានសន្តិភាព។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមមេធាវីស្ម័គ្រសម្តេចតេជោសែន ក្រៅពីការកាតព្វកិច្ចការពារក្តីជូនជនក្រីក្រ ស្ត្រីក្រីក្រ ក៏ត្រូវមានកាតព្វកិច្ចការពារក្តីជូនដល់អ្នកសារព័ត៌មាន ដែលបំពេញភារកិច្ចរបស់ខ្លួនតាមក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែមិនត្រូវការពារចំពោះអ្នកសារព័ត៌មានណាដែលជេរប្រទេចអ្នកដទៃនោះទេ៕



