(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនខ្វល់ការរិះគន់សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ។
សម្តេចថ្លែងបែបនេះនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាល និងពិនិត្យលទ្ធផលការងាររបស់សមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងមេធាវីស្ម័គ្រចិត្តសម្តេចតេជោ សរុបចំនួន១៥៣នាក់ ដែលពិធីសំណេះសំណាលនេះធ្វេីឡើងនៅវិមានសន្តិភាព។
សម្តេចតេជោ ក៏បានអះអាងថា នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។ សម្តេចក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ប្រទេសទីម័រខាងកើតផងដែរ។
កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ៕



