(សៀមរាប)៖ មន្ទីរពេទ្យកុមារអង្គរ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានបង្ហាញក្តីសោមនស្សរីករាយបំផុត ដែលបានប្រារព្ធកិច្ចកម្មវិធីទទួលស្វាគមន៍តារាចម្រៀងដ៏ល្បីគឺលោក អ៊ួន បឋម ហៅ សាយ Sai ដើម្បីអបអរសាទរនៃការរត់មកដល់ទីក្រុងសៀមរាប ដែលជាទីពាក់កណ្តាលនៃការរត់របស់គាត់នៅក្នុង ព្រឹត្តិការណ៍ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ រយៈពេល ៩៩ ថ្ងៃ ក្នុងចំងាយផ្លូវ ២ ៣០០ គ.ម ឆ្លងកាត់ ២១ ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ពិធីនេះក្រោមអធិបតីភាព ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា សាខាខេត្តសៀមរាប លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប ព្រមទាំងមន្ត្រី អជ្ញាធរ សិស្សានុសិស្ស បុគ្គលិក អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺនៃមន្ទីរពេទ្យកុមារអង្គរ ព្រមទាំងអ្នកគាំទ្រ និងសាធារណៈជនជាច្រើនអ្នកផងដែរ ដែលញ៉ាំងឲ្យកម្មវិធីមានភាពអធឹកអធម និងភាពសប្បាយរីករាយជាទីបំផុត។
សូមបញ្ជាក់ផងដែរថា គិតមកត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៤រសៀល ថវិកាសរុបទទួលបានពីព្រឹត្តិការណ៍ទាំងមូលមានចំនួន ៤០៥ ៥០៧,៩០ដុល្លារ ក្នុងនោះថវិកាចំនួន ៣៥៣ ៥៥៩,៧៦ ដុល្លារ បានមកពីយុទ្ធនាការ “តោះលេងហ្គេម #១ដុល្លារសម្រាប់កុមារកម្ពុជា” ហើយថវិកាទាំងនេះបានបញ្ជូនមកកាន់មន្ទីរពេទ្យកុមារអង្គររួចរាល់ហើយ។
សាយ នឹងបន្តការរត់របស់ខ្លួនជាបន្តទៀត ដោយចាកចេញពីក្រុងសៀមរាបនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឆ្ពោះទៅកាន់ខេត្ត ព្រះវិហារ រតនគីរី (ទឹកដីកំណើតរបស់សាយ) មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង កណ្តាល និងគ្រោងបញ្ចប់ដោយត្រលប់ចូលទីក្រុងភ្នំពេញនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ នៅក្នុងចំងាយផ្លូវពាក់កណ្តាលទៀតនេះ សាយ មានបំណងប្រមូលថវិកាបន្ថែមទៀតឲ្យបានដល់មួយលាន ដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់សកម្មភាពមន្ទីរពេទ្យកុមារអង្គរនៅក្នុងឆ្នាំ២០២១។
ហេតុនេះ មន្ទីរពេទ្យកុមារអង្គរ អំពាវនាវឲ្យបងប្អូនប្រជាជនខ្មែរទាំងអស់នៅតែបន្តការឧបត្ថម្ភ បរិច្ចាគ និងចូលរួមលេងហ្គេម ១ដុល្លារសម្រាប់កុមារកម្ពុជាតទៅទៀត ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ នៅក្នុងការជួយធ្វើសុខុមាលភាពរបស់កុមារកម្ពុជាកាន់តែប្រសើរឡើង។
សូមបរិច្ចាគទៅកាន់ ព្រឹតិ្តការរណ៍ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ តាមរយៈគណនីធនាគារខាងក្រោម៖
ABA ៖ 000 320 555 (Angkor Hospital for Children Limited)
Wing ៖ 03206872 (AHC Patient Contributions)
ACLEDA ៖ 0100 01 056968 2 8 ៕




