(វ៉ាស៊ីនតោន)៖ ជាច្រើនសប្តាហ៍នៃការតវ៉ាលទ្ធផលឆ្នោត ទីបំផុត ប្រធានាធិបតីលោក ដូណាល់ ត្រាំ បានអនុញ្ញាតឱ្យរដ្ឋបាលសេវាទូទៅជូនដំណឹងដល់ប្រធានាធិបតីជាប់ឆ្នោតលោក ចូ បៃឌិន ថា រដ្ឋបាលរបស់លោក ត្រាំ បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមដំណើរការផ្ទេរអំណាចជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់ CNA នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។
លោក ដូណាល់ ត្រាំ បានចោទប្រកាន់ថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅអាណត្តិនេះ មានការលួចបន្លំសន្លឹកឆ្នោត។ ទោះបីគាត់មិនបានទទួលស្គាល់ជ័យជម្នះរបស់ បៃឌិន ក៏ដោយប៉ុន្តែយោងតាមការប្រកាសនៅថ្ងៃចន្ទនេះ (ពេលវេលានៅអាមេរិក) ហាក់ទំនងជា លោក ដូណាល់ ត្រាំ គាត់បានសារភាពទទួលស្គាល់ចំពោះការបរាជ័យ។
លិខិតនេះគឺជាជំហានដំបូងដែលរដ្ឋបាលមួយនេះបានធ្វើដើម្បីទទួលស្គាល់ការបរាជ័យរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានរយៈពេលជាងពីរសប្តាហ៍បន្ទាប់ពីលោក បៃឌិន ត្រូវបានប្រកាសថាជាអ្នកឈ្នះនៅក្នុងការបោះឆ្នោតនេះ៕



