(ភ្នំពេញ)៖ ក្នុងសន្និសីទកាសែត នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងអភិវឌ្ឍន៍ជនបទ លោក ចាន់ ដារ៉ុង បានបញ្ជាក់ថា ទឹកជំនន់ឆ្នាំ២០២០នេះ នៅទូទាំងប្រទេស មានអណ្តូងទឹកស្នប់ សរុប ៤១៥៥អណ្តូង ដែលរងផលប៉ះពាល់ និងខូចខាត។ ក្នុងនោះ ក្រសួង ត្រូវការថវិកា ៩០ម៉ឺនដុល្លារ សម្រាប់ស្តារឡើងវិញនូវអណ្តូងទឹកស្នប់ ដែលរងផលប៉ះពាល់នេះ។
យ៉ាងណាក៏ដោយ លោក ចាន់ ដារ៉ុង បញ្ជាក់ថា មកដល់ពេលនេះ ក្រសួងអភិវឌ្ឍន៍ជនបទ មិនទាន់មានថវិកាគ្រប់គ្រាន់ សម្រាប់ជួសជុល ស្តារឡើងវិញនូវអណ្តូងទឹក ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់នេះ។ ប៉ុន្តែនៅថ្ងៃនេះ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ ជួបជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកថវិកាស្តារឡើងវិញនូវអណ្តូងទឹក ដែលខូចខាតទាំងនេះ៕


