(ភ្នំពេញ)៖ គម្រោងបង្កើតរោងចក្ រចំនួន ៣ទៀត ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរហើយ។ ក្នុងនោះ មានទុនវិនិយោគចំនួនជាង ១២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦៣៤កន្លែង។
យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹង ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង ៣ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ មានដូចខាងក្រោម៖
ទី១. “EAST GOLDEN PAPER INDUSTRY (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងប្រអប់ក្រដាសគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០២កន្លែង។
ទី២. “SHANDA (CAMBODIA) TEXTILE CO., LTD ” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសូភី ស្រុកបាទី ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩១៤កន្លែង។
ទី៣. “CHARMGO (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥១៨កន្លែង។
សូមជម្រាបថា ចាប់តាំងពីដើមខែវិច្ឆិកា រហូតមកដល់ចុងខែវិច្ឆិកា ឆ្នាំ២០២០នេះ មានគម្រោងបង្កើតរោងចក្រចំនួន ១២ទៀតហើយ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ៕




