(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកជំងឺកូវីដ១៩ នៅកម្ពុជា ម្នាក់ទៀត បានជាសះស្បើយ។ នោះគឺបុរសជនជាតិឥណ្ឌា អាយុ ៣៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់លេខ០៤ ក្រុងព្រះសីហនុ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌា ដោយឆ្លងកាត់ប្រទេសអារ៉ាប់ប៊ីសាអូឌីត និងបន្តជើងហោះហើរ នៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។ បុរសឥណ្ឌានេះ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយ។
ក្នុងសេចក្តីប្រកាសប្រចាំព្រឹកនេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា មិនមានករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីទេ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។
គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣០៦នាក់។ ក្នុងនោះ ២៩៦នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ( ៧នាក់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និង ៣នាក់ នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ)៕




