(ខេត្តកំពង់ធំ)៖ កម្លាំងនគរបាល នៃអធិដ្ឋាននគរបាលស្រុកកំពង់ស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងឬស្សី បានឃាត់ខ្លួន យុវជនម្នាក់ ដែលបានយកដំបងគប់ទៅលើកញ្ចក់រថយន្ត របស់អ្នកធ្វើដំណើរឆ្លងកាត់ ពីខេត្តកំពង់ធំ ទៅខេត្តព្រះវិហារ នៅចំណុច លក់ក្រឡាន តាមផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ យុវជននោះ ត្រូវបានចាប់ខ្លួន កាលពីម៉ោង ៨ និង ៣០ នាទី យប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០។
របាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ជនបង្កជាជនមានសតិមិនគ្រប់គ្រាន់ និងពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដំបងគប់កញ្ចក់រថយន្តរបស់អ្នកធ្វើដំណើរឆ្លងកាត់ បណ្តាលឲ្យខូចរថយន្ត ០៤ គ្រឿង រួមមាន៖
១.ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទឡានប៉ែន (បែកកញ្ចក់មុខ)
២.ម៉ាកកូរ៉ូណា (បែកកញ្ចក់មុខ)
៣.ម៉ាកកាមរី ហើម (បែកកញ្ចក់មុខ)
៤.ម៉ាក់ប្រភេទ Pick Up ០២ បាំង (បែកកញ្ចក់មើលក្រោយ)
ករណីខាងលើនេះ សមត្ថកិច្ចបាននាំខ្លួនជនបង្ក ទៅអធិការដ្ឋាននគរបាល ស្រុកកំពង់ស្វាយ និងស្រាវជ្រាវស្វែងរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅលំនៅដ្ឋានវិញ៕



