(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ូក សោភ័ណ និងលោកអគ្គកុងស៊ុលប្រចាំខេត្តស្រះកែវ រួមទាំងមន្ត្រីស្ថានទូត បានចូលរួមសហការជាមួយក្រុមការងារគម្រោងព្រះរាជឧបត្ថម្ភលើវិស័យអប់រំកម្ពុជារបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ មហាចក្រី សិរិនថន ដែលដឹកនាំដោយឯកឧត្តម វិឈិត យ៉ាធីប ប្រធានសមាគមមិត្តភាពថៃ-កម្ពុជា និងជាប្រធានគម្រោង បានចុះពិនិត្យ និងសម្របសម្រួលនិស្សិតអាហាររូបករណ៍កម្ពុជា ដែលជាប់គាំងក្នុងកំឡុងពេលកូវីដ១៩ បានចូលតាមច្រកអន្តរជាតិចុងជាំ-អូរស្មាច់ (ខេត្តសុរិន្ទ-ខេត្តឧត្តរមានជ័យ) ដើម្បីវិលត្រឡប់មកបន្តការសិក្សាវិញតាមសាកលវិទ្យាល័យផ្សេងៗនៅប្រទេសថៃ។
សូមបញ្ជាក់ថា កន្លងមកក្រុមការងារគម្រោងបានជួយសម្របសម្រួលយកនិស្សិតអាហាររូបករណ៍កម្ពុជាចំនួន៧លើក ចាប់ពីខែសីហា-វិច្ឆិកា ហើយនិស្សិតទាំងអស់ត្រូវអនុវត្តតាមវិធានការសុខាភិបាល រួមទាំងការធ្វើចត្តាឡីស័ករយះពេល ១៤ថ្ងៃ មុននឹងធ្វើដំណើរទៅតាមសាកលវិទ្យាល័យ។
ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារបានចុះទស្សនកិច្ចការងារ និងជួបពិភាក្សាជាមួយអាជ្ញាធរនៅខេត្តសុរិន្ទ និងខេត្តបុរីរ៉ាម ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយខេត្តជាប់ព្រំដែនរបស់កម្ពុជា។ ទន្ទឹមនេះ ក្រុមការងារស្ថានទូតក៏បានចុះជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលរកស៊ីនៅផ្សារព្រំដែនចុងជាំ ខេត្តសុរិន្ទព្រមទាំងបានផ្តាំផ្ញើការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំកម្ពុជាចំពោះបងប្អូនផងដែរ៕




