(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើសក្របខណ្ឌគ្រូបង្រៀនចំនួន ៣៦០០កន្លែង សម្រាប់ឆ្នាំ២០២១ ដើម្បីបំពេញតម្រូវការនៅតាមអង្គភាពគ្រឹះស្ថានសិក្សាចំណេះទូទៅ គ្រឹះស្ថានអប់រំបច្ចេកទេស និងគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ។
សេចក្តីជូនដំណឹងរបស់ក្រសួងចុះថ្ងៃទី១៨ ខែវិច្ឆិកា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានផ្តល់ក្របខណ្ឌចំនួន ៣៦០០កន្លែង ដល់ក្រសួងអប់រំ យុវជន និងកីឡា សម្រាប់ធ្វើការប្រឡងជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ឆ្នាំ២០២១។
ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចបែងចែកក្របខណ្ឌដូចតទៅ៖ ១. ក្របខ័ណ្ឌគ្រូបង្រៀនមត្តេយ្យសិក្សាចំនួន២០០កន្លែង, ២. ក្របខណ្ឌគ្រូបង្រៀនកម្រិតបឋមសិក្សាចំនួន១៥៥០កន្លែង, ៣. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានចំនួន ៥០០កន្លែង, ៤. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតមូលដ្ឋានអប់រំកាយ និងកីឡាចំនួន ១៥០ កន្លែង, ៥. ក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ដែលបង្រៀននៅវិទ្យាល័យចំនួន ១១០០កន្លែង, ៦.ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមបង្រៀននៅគ្រឹះស្ថានឧត្តមសិក្សាសាធារណៈចំនួន ៨៥កន្លែង និង ៧. វិទ្យាស្ថានអប់រំពិសេសចំនួន ១៥កន្លែង (ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលមន្ត្រីក្រមការ និងមន្ត្រីលេខាធិការ)។
គួរបញ្ជាក់ថា ឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលបានជ្រើសរើសមន្ត្រីក្របខណ្ឌបម្រើការងារនៅតាមក្រសួងស្ថាប័ននានាចំនួន ៦១០៦នាក់ ក្នុងនោះក្រសួងចំនួនពីរត្រូវការច្រើនជាងគេរួមមានក្រសួងសុខាភិបាលត្រូវការចំនួន ១៣០០នាក់ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវការចំនួន ៣៦០០នាក់៕




