(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ តទៅ កម្ពុជានឹងទទួលបានការនាំចេញ ដោយមិនគិតពន្ធ និងមិនជាប់ការកម្រិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ ដែលដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុបដែរ។
ក្នុងសេចក្តីប្រកាស ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ GMAC លើកឡើងថា ប្រព័ន្ធ GSP របស់អងគ្លេសនេះ ដំបូងនឹងផ្តល់ការអនុគ្រោះពាណិជ្ជកម្មទៅប្រទេសនានា ដូច GSP របស់សហភាពអឺរ៉ុបដែរ។ ប្រព័ន្ធ GSP របស់អង់គ្លេស នឹងមានក្របខណ្ឌចំនួន ៣ គឺក្របខណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត ក្របខណ្ឌទូទៅ និងក្របខណ្ឌប្រសើរឡើង។ កម្ពុជា ដែលត្រូវបានចាត់ថ្នាក់ ដោយអង្គការសហប្រជាជាតិថាជាប្រទេសអភិវឌ្ឍតិចតួចបំផុត គឺស្ថិតនៅក្នុងក្របខណ្ឌប្រទេសអភិវឌ្ឍតិចតួចបំផុត។ ហេតុដូច្នេះ កម្ពុជានឹងទទួលបានការនាំចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកំរិតកូតា ទៅកាន់ប្រទេសអង់គ្លេស សម្រាប់ទំនិញទាំងអស់ លើកលែងតែអាវុធ និងគ្រឿងផ្ទុះ។ នេះគឺដូចគ្នានឹងគម្រោង EBA ក្រោមប្រព័ន្ធ GSP របស់សហភាពអឺរ៉ុប។




