(ភ្នំពេញ)៖ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា លទ្ធផលនៃការធ្វើតេស្តជាលើកទី៤ គឺអវិជ្ជមានមេរោគកូវីដ១៩។
ឯកឧត្តមបានលើកឡើងថា «ខ្ញុំពិតជាមានក្តីរំភើបរីករាយជាពន់ពេក នៅរសៀលថ្ងៃនេះ ក្រោយពីទទួលបានដំណឹងពីក្រសួងសុខាភិបាល ថា៖ លទ្ធផលនៃការធ្វើតេស្តទៅលើសំណាកដែលបានផ្តល់ជាលើកទីបួន នាព្រឹកមិញនេះរបស់យើងខ្ញុំករុណា ខ្ញុំគឺទទួលបានលទ្ធផល អវិជ្ជមានមេរោគកូវិដ១៩។ យើងខ្ញុំសូមសូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រសួងសុខាភិបាល និងមន្ត្រីវិទ្យាស្ថានប៉ាស្ទើរទាំងអស់ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការយកសំណាក និងធ្វើការវិភាគយ៉ាងសុក្រិតបំផុត។ ទន្ទឹមនឹងនេះ យើងខ្ញុំករុណា ខ្ញុំសូម អរព្រះគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា ដែលបានផ្ញើរសារសំដែងការព្រួយបារម្ភពីសុខភាពរបស់យើងខ្ញុំករុណា ខ្ញុំ និងលើសពីនេះទៀតគឺបានផ្ញើរសារជូនពរមកយើងខ្ញុំករុណា ខ្ញុំឲ្យរួចផុតពីការឆ្លងមេរោគកូវិដ១៩។ ស្ថិតក្នុងឱកាសនេះ យើងខ្ញុំករុណា ខ្ញុំ សូមប្រគេននិងជូនពរ ព្រះតេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងនាងកញ្ញា សូមទទួលបានពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ»៕


