(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា «ត្រូវចងចាំថា ការដែលកម្ពុជាមានមនុស្សឆ្លងតិច នឹងមិនមានមនុស្សស្លាប់ មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរ ដែលមានឈាមក្រហម ពិសេសអាចប្រឆាំងជាមួយកូវីដ១៩ បាន ដូចមនុស្សខ្លះ បានអះអាងនោះទេ (ខ្ញុំសង្ឃឹមថា អ្នកអះអាងបែបនេះ នឹងមានសេចក្តីក្លាហានពិតប្រាកដ ចូលទៅបំរើអ្នកកើតកូវីដ១៩ ដោយមិនមានសំភារៈការពារខ្លួន តើឆ្លងឬមិនឆ្លង? ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផងនឹង ដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថា ជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នងលោក) ។ ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឲ្យកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា «ជោគជ័យរបស់យើង បានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ដែលមានក្រសួងសុខាភិបាល ពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាព និងសំខាន់ជាងទៀត គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ដោយក្រសួងសុខាភិបាល ដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូប នឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ»៕



