(ភ្នំពេញ)៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានចេញសារជាសំឡេង នៅល្ងាចថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសក្រើនរម្លឹកដល់អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងចូលរួមធ្វើតេស្ត លើកទី៤ ជាលើកចុងក្រោយ នៅថ្ងៃទី១៨វិច្ឆិកា។
លោកជំទាវ ឱ វណ្ណឌីន លើកឡើងថា «អ្នកប៉ះពាល់នឹងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា សូមបន្តធ្វើចត្តាឡីស័កឲ្យបានចំនួន ១៤ ថ្ងៃ ឲ្យបានត្រឹមត្រូវ និងម៉ត់ចត់ជាទីបំផុត។ ការបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនេះ គឺជាកិច្ចការមួយ ដែលមានសារសំខាន់ណាស់ នៅក្នុងដំណាក់កាល ដែលយើងទាំងអស់គ្នា ត្រូវតែចូលរួមចំណែកនៅក្នុងការទប់ស្កាត់ កុំឲ្យមានការចម្លងនូវវីរុសកូវីដ១៩នេះ ចូលទៅក្នុងសហគមន៍របស់យើង»។
លោកជំទាវ ឱ វណ្ណឌីន បន្តថា «ជាការពិតហើយ ការធ្វើតេស្តរបស់យើង លើកទី៣ ដែលក្រសួងសុខាភិបាល បានជូននូវសេចក្តីជូនព័ត៌មាន ព្រឹកមិញរួចហើយនេះ ឃើញថា អ្នកទាំងអស់ ដែលបានទទួលលទ្ធផលអវិជ្ជមាន។ ដូច្នេះជាលទ្ធផលមួយ ដែលល្អប្រសើរសម្រាប់ព្រះរាជាណាចក្ររបស់យើង ក៏ប៉ុន្តែយើងក៏ស្ថិតនៅក្នុងស្ថានភាពមួយ ដែលយើងត្រូវតែបន្តការប្រុងប្រយ័ត្នរបស់យើងខ្ពស់ជានិច្ច។ ជាពិសេសទៀត នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលយើងនឹងឈានទៅដល់ការធ្វើតេស្តលើកទី៤ ដែលជាការធ្វើតេស្តចុងបញ្ចប់នេះ គឺជាដំណាក់កាលសំខាន់ចាំបាច់ជាទីបំផុត ដែលក្រសួងសុខាភិបាល និងរូបខ្ញុំផ្ទាល់ សូមឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនអ្នកសារព័ត៌មាន ក៏ដូចលោកអ្នក ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣វិច្ឆិកា សូមមេត្តាអត់ធ្មត់បន្តការធ្វើចត្តាឡីស័ករបស់ខ្លួនឲ្យបានគ្រប់ចំនួនថ្ងៃ ហើយសូមអំពាវនាវឲ្យមកធ្វើតេស្តលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឲ្យបានគ្រប់ៗគ្នា»។
ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកានេះថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣វិច្ឆិកា បានចំនួន ១៣០០ សំណាក ដែលវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានពិនិត្យធ្វើតេស្ត ចំនួន ១១៩៥ ដែលលទ្ធផលបង្ហាញថា អវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ ចំណែកវត្ថុសំណាកវិភាគ ចំនួន ១០៥ ដែលនៅសល់ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នឹងបន្តពិនិត្យ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ បន្តទៀត។
ក្រសួងសុខាភិបាល បានប្រកាសថា គិតពីថ្ងៃទី៤ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ សរុបចំនួនតេស្ត ដែលបានធ្វើវិភាគ មាន ៣៧៦២ វត្ថុសំណាក ( ក្នុងចំនួននេះ មានអ្នកដែលបានធ្វើតេស្តលើកទី១ ចំនួន ១៧៤១នាក់ និងលើកទី២ បានចំនួន ៨២៥នាក់ និងតេស្តលើកទី៣ បានចំនួន ១១៩៥សំណាក ) ដោយលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបង្ហាញថា មានអ្នកវិជ្ជមានវីរុសកូវីដ១៩ ចំនួន ០៤នាក់ ( បានរាយការណ៍ជូនសាធារណជនរួចហើយ ) ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមរម្លឹកថា អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកា ដែលជាថ្ងៃរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នឹងត្រូវធ្វើតេស្ត លើកទី៤ ជាលើកចុងក្រោយ ដើម្បីរកមេរោគកូវីដ១៩ បន្ទាប់ពីធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០៕



