(វ៉ាស៊ីនតោន)៖ អ្នកគាំទ្រលោក ដូណាល់ ត្រាំ រាប់ពាន់នាក់បានប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ានៅរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីគាំទ្រការអះអាងគ្មានមូលដ្ឋានរបស់លោកត្រាំ ដែលថាមានការក្លែងបន្លំសន្លឹកឆ្នោតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកអាណត្តិថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ CGTN នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។
មួយសប្តាហ៍បន្ទាប់ពីលោក ចូ បៃឌិន បានឈ្នះឆ្នោត ហើយលោក ដូណាល់ ត្រាំ ប្រកែកមិនព្រមទទួលស្គាល់នូវលទ្ធផលឆ្នោត ដោយ លោក ត្រាំ បានដាក់ពាក្យបណ្តឹងទៅតុលាការដោយអះអាងថាការបោះឆ្នោតមិនមានភាពត្រឹមត្រូវ និងមានការក្លែងបន្លំ។
នៅក្នុងការដើរដង្ហែក្បួននេះផងដែលអ្នកគាំទ្រលោក ដូណាល់ ត្រាំ បានកាន់ទង់ជាតិនិងស្រែកថា «បញ្ឈប់ការលួចបន្លំ» ដោយក្បួនបាតុកម្មបានចាប់ផ្តើមក្បែរតំបន់ Freedom Plaza នៅភាគខាងកើតសេតវិមាន ជាមួយគោលដៅឆ្ពោះទៅតុលាការកំពូល។ ក្រុមអ្នកតវ៉ាបានលើកឡើងថា ពួកគេនឹងមិនទទួលស្គាល់ចំពោះការបោះឆ្នោតដែលពុករលួយ។
ជាមួយគ្នានេះផងដែលលោក ដូណាល់ ត្រាំ បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដោយនិយាយថាក្រុមអ្នកគាំទ្រលោករាប់សែននាក់បានធ្វើដំណើរតាមផ្លូវ ប៉ុន្តែយោងតាមទិន្នន័យជាក់ស្តែងនិងសាក្សីដែលបានឃើញគឺចំនួនតិចជាងការបង្ហោះរបស់លោក ត្រាំ៕




